វិស័យកសិកម្មដើរតួយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា ដែលក្នុងនោះវិស័យកសិកម្មបានផ្ដល់ការងារដល់ប្រជាជនប្រមាណ ៣,២លាននាក់ ដែលស្មើនឹង៣៥,៧ភាគរយនៃកម្លាំងពលកម្មសរុប និងបានរួមចំណែកប្រមាណ១៦,៥ភាគរយនៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់កម្ពុជា។
ការទាក់ទាញវិនិយោគទុនបរទេសក្នុងវិស័យកសិកម្ម និងការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទីផ្សារនាំចេញទៅកាន់ពិភពលោកនឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។
កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសមានសេដ្ឋកិច្ចល្អនៅក្នុងតំបន់ ដែលអាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយសារមាន៖
- ឱកាសនៃការលូតលាស់កាន់តែប្រសើរ រួមផ្សំជាមួយនឹងការរំពឹងទុកយ៉ាងមុតមាំអំពីប្រាក់ចំណូលគួរឱ្យកត់សម្គាល់ដែលទទួលបានពីការវិនិយោគ
- ការលើកទឹកចិត្តជាពិសេស ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដែលរួមទាំងការផ្ដល់សិទ្ធិគ្រប់គ្រងដោយជនបរទេស១០០ភាគរយ ក៏ដូចជាការលើកលែងពន្ធលើប្រាក់ចំណូល ការលើកលែងអាករលើតម្លៃបន្ថែម (VAT) លើធាតុចូលផលិតកម្ម និងការពង្រីកតំបន់សេដ្ឋកិច្ចពិសេស (SEZ)
- កំណើនសេដ្ឋកិច្ចនៅតែបន្តមានភាពរឹងមាំ និងមានស្ថិរភាពជាមធ្យម៧ភាគរយក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ
- រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដែលរួមមានការកែលម្អខ្សែច្រវាក់តម្លៃកសិកម្មនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ព្រមទាំងការបង្កើនភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន
- សក្តានុពលដ៏សម្បូរបែបសម្រាប់ការវិនិយោគក្នុងការពង្រីកតម្លៃបន្ថែម៖ ផលិតផលកសិកម្មជាង ៨០ភាគរយត្រូវបាននាំចេញក្នុងទម្រង់ជាវត្ថុធាតុដើម
- ការលើកកម្ពស់វិនិយោគលើការកែច្នៃផលិតផលកសិកម្មដែលនៅមិនទាន់មានដំណើរការល្អក្នុងន័យធ្វើឲ្យវិស័យនេះកាន់តែមានភាពប្រសើរ សម្រាប់ការនាំចេញទៅកាន់ទីផ្សារពិភពលោក។