នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោកជំទាវអនុរដ្ឋលេខាធិការ ហ៊ូ សុពណ៌ ថ្នាក់ដឹកនាំនាយកដ្ឋាន នៃអគ្គនាយកដ្ឋានកសិកម្ម អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ សៀមរាប និងខេត្តឧត្តរមានជ័យ ប្រធាន អនុប្រធានមន្ទីរកសិកម្មទាំងបីខេត្ត មន្រ្តីកសិកម្មឃុំ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មសរុបចំនួន ៥១២នាក់ ក្នុងនោះមានមន្ត្រីកសិកម្មឃុំសរុបចំនួន៤១នាក់។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងស្ថាប័ន-ពាក់ព័ន្ធ រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងជួយគាំទ្រដល់ប្រជាកសិករ ជាពិសេស ការជួយដោះស្រាយបញ្ហាកង្វះទឹកស្រូវប្រាំង និងវិធានការដែលបានដាក់ចេញចំពោះមុខ ការធ្លាក់ចុះនៃតម្លៃស្រូវពូជអូអឹម និងអ៊ីអ៊ែរ នាដើមឆ្នាំ២០២៥នេះ ដើម្បីឱ្យបងប្អូនអាជីវករ បានយល់ដឹង និងចូលរួមផ្សព្វផ្សាយឱ្យបានជាប្រយោជន៍ដល់កសិករ និងវិស័យកសិកម្ម។
នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្មដូចជាការពង្រាយមន្ត្រីកសិកម្មឃុំ ការចងក្រងសហគមន៍កសិកម្មទំទើប ការជួយរក្សាលំនឹងថ្លៃកសិផល ការរកទីផ្សារ និងការកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំណេញដល់ប្រជាកសិករ ព្រមទាំងបានរំលេចនូវសមិទ្ធផលជាច្រើន ដែលក្រសួងកសិកម្មសម្រេចបាននាពេលកន្លងមក។
បន្ថែមពីនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់អាជីវករលក់ជី និងថ្នាំកសិកម្មទាំងអស់ត្រូវបន្តជួយណែនាំប្រជាកសិករឱ្យដឹង និងយល់កាន់តែច្បាស់បន្ថែម ពីការប្រើប្រាស់ជី ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីបង្កើនទិន្នផលកសិផល និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
ក្នុងនាមជាដៃគូ និងអ្នកនៅជាប់ជាមួយកសិករ អាជីវករលក់ជី និងថ្នាំកសិកម្ម ទាំងអស់ បានបង្ហាញក្ដីរីករាយ និងចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ក្នុងការចែករំលែកព័ត៌មានល្អៗ និងវិជ្ជមាន ការផ្ដល់ចំណេះដឹងបច្ចេកទេសថ្មីៗ ដើម្បីជួយដល់កសិករ និងជៀសវាងផ្សព្វផ្សាយព័ត៌មាន ដែលបង្កអសន្តិសុខសង្គម បង្កផលប៉ះពាល់អវិជ្ជមានដល់កសិករ និងវិស័យកសិកម្មទាំងមូល៕