នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ អុឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល លោក ផៃ សុមានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក សៀន គីន អនុប្រធានមន្ទីរកសិកម្មខេត្តក្រចេះ លោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជានេសាទ និងតំណាងសហគមន៍នេសាទ នៅក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
គោលបំណងសំខាន់នៃកិច្ចសំណេះសំណាលនេះ គឺដើម្បីផ្សព្វផ្សាយនិងជំរុញប្រជានេសាទឱ្យប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ ចៀសវាងការប្រើប្រាស់ឧបករណ៍ឆក់ មងក្រឡាធំ និងសន្ទូចរនងជាដើម ដែលសុទ្ធសឹងតែជាឧបករណ៍នេសាទខុសច្បាប់ និងអាចបង្កហានិភ័យដល់សត្វផ្សោត ដែលរស់នៅក្នុងតំបន់អភិរក្សកាំពី។
លោកជំទាវអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា នៅតំបន់អភិរក្សកាំពី និងតំបន់ផ្សេងៗទៀត ដែលមានអន្លង់ផ្សោត ការប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍ឆក់ផ្សេងៗ នៅតែបន្តជាបញ្ហាប្រឈមចំពោះអាយុជីវិតសត្វផ្សោត ជារតនសម្បត្តិជាតិ ដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការថែរក្សានិងអភិរក្ស ឱ្យបានគង់វង្ស។
លោកជំទាវបញ្ជាក់បន្ថែមថា ក្រៅពីការយាមល្បាតរបស់ឆ្មាំ ដែលធ្វើឡើង ២៤ម៉ោងលើ២៤ម៉ោង ជារៀងរាល់ថ្ងៃ ការចូលរួមពីបងប្អូនប្រជានេសាទនិងតំណាងសហគមន៍នេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ក្នុងគោលដៅថែរក្សា និងអភិរក្សធនធានជលផលកម្រ ទាំងសត្វផ្សោត និងប្រភេទត្រីមេពូជកម្រជាច្រើនផ្សេងទៀត សម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ និងស្វែងយល់។
នៅចំពោះមុខអង្គប្រជុំ លោកជំទាវ បានថ្លែងអំណរគុណចំពោះប្រជានេសាទនិងតំណាងសហគមន៍ ដែលយល់ព្រមសហការក្នុងការងារនេះ តាមរយៈការលះបង់ ឈប់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយថែមទាំងព្រមសហការផ្តល់ព័ត៌មានដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅពេលប្រទះឃើញករណីប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍ឆក់៕