នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តម ហាស់ សារ៉េត បានអញ្ជើញចូលរួមជាកិត្តិយសអបអរសាទរយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណេតឆ្នាំ២០២៥ ក្រោមប្រធានបទ «កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ» ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានអ្នកចូលរួមចំនួន ១ ១០០នាក់នៅសាលប្រជុំនៃវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា គោលបំណងនៃការប្រារព្ធទិវានេះគឺ ដើម្បីក្រើនរំឭកដល់អ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ ជាពិសេសការណែនាំដល់កុមារឱ្យចេះការពារខ្លួនពីការឆបោក និងការកេងប្រវ័ញ្ចនានា ព្រមទាំងស្នើសុំកិច្ចសហការពីបណ្តាក្រុមហ៊ុនឯកជនក្នុងវិស័យផ្គត់ផ្គង់អ៊ីនធឺណិត និងសេវាអនឡាញនានា និងស្នើសុំក្រសួងស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវគោលនយោបាយ និងវិធានការម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសកុមារ ពីការរងគ្រោះនានាដោយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា៕