នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីលោក ងូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោកប្រធានមន្ទីរកសិកម្មខេត្ត លោកនាយរងខ័ណ្ឌរដ្ឋបាលជលផលខេត្ត លោកអភិបាលស្រុកប្រាសាទបាគង រួមទាំងសហការី បានចូលរួមកម្មវិធីចាប់ត្រីរួមគ្នានៅបឹងបង្កោង ដែលជាពិធីបុណ្យប្រពៃណីរបស់អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ការប្រារព្ធពិធីចាប់ត្រីរួមនេះ ត្រូវបានអ្នកភូមិធ្វើឡើងបន្ទាប់ពីបញ្ចប់ការងារច្រូតកាត់ និងដាក់ស្រូវក្នុងជង្រុករួចរាល់។ ការចាប់ត្រីនេះ មានគណៈកម្មការដែលនឹងកំណត់ជាពីរផ្នែក ដោយមួយផ្នែកប្រជាពលរដ្ឋទាំងអស់ក្នុងភូមិបង្កោងអាចរកត្រីទុកសម្រាប់ខ្លួនឯងផ្ទាល់ និងមួយផ្នែកទៀតមានដាក់សម្រាស់ការពារមិនឱ្យចាប់ពីដំបូងនោះ ត្រូវចាប់ទុករួម សម្រាប់ធ្វើជាម្ហូបក្នុងពិធីបុណ្យរួម ។
សូមបញ្ជាក់ថា ការចាប់ត្រីនោះត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមាន៖សំណាញ់ អង្រុត ឈ្នាង ជាដើម។ ប្រជាពលរដ្ឋក្នុងភូមិ និងអ្នកមកកម្សាន្តចាប់ត្រី បានសម្ដែងនូវក្ដីរីករាយជាមួយនឹងទិន្នផលត្រីនេះដែលឃើញមានច្រើន។ គួររំលឹកថាកាលពីខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានចូលរួមឧបត្ថម្ភកូនត្រីពូជ ដែលបានលែងចូលទៅក្នុងបឹងបង្កោងនោះផងដែរ មានដូចជា៖ ត្រីឆ្ពិន ត្រីព្រលូង ត្រីប្រា ត្រីក្រាញ់ និងត្រីអណ្ដែង ជាដើម៕