នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នៅខេត្តកំពង់ចាម។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ មានសេចក្តីសោមនស្សរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាពេលនេះ និងជាពេលវេលាដ៏រីករាយក្នុងការជួបជុំប្អូនៗនិស្សិតទាំងអស់គ្នា ញ៉ាំងឱ្យពិធីនេះប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមក្នុងបរិយាកាសរីករាយ។
នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូនៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញា និងស្មារតី ក្នុងការបំពេញតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួនជូនជាតិ មាតុភូមិក្នុងបុព្វហេតុកិច្ចការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ-សង្កាត់ចំនួន ១៦០០នាក់ និងការចងក្រងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយដល់ប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការត្រឹមត្រូវ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីការប្រាក់ទាប មានហានិភ័យទាបពីការប្រែប្រួលអាកាសធាតុ មានការគាំទ្រពីក្រសួងកសិកម្ម និងមានទីផ្សារពិតប្រាកដ។
ជាយន្តការបន្ទាប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំវិទ្យាស្ថានត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពការងារបណ្តុះបណ្តាលប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនិងក្របខណ្ឌគុណវុឌ្ឍអប់រំនៃគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ព្រមទាំងជំរុញការពង្រីកហេដ្ឋារចនាសម្ព័ន្ធសមស្របតាមបទដ្ឋាននៃការបណ្តុះបណ្តាលប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ក៍ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ សាស្តាចារ្យនៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ លើសពីនេះ ត្រូវមានស្មារតីសាមគ្គីភាពផ្ទៃក្នុង មានទំនួលខុសត្រូវក្នុងការងារ មានវិជ្ជាជីវៈច្បាស់លាស់ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ឱ្យបានកាន់តែរឹងមាំបន្ថែមទៀត។
បើតាម ឯកឧត្តមរដ្ឋលេខាធិការ សម្រាប់ក្មួយៗនិស្សិតត្រូវគោរពឱ្យបាននូវវិន័យ និងបទបញ្ជាផ្ទៃក្នុង ខិតខំសិក្សាទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែងទាំងភាសាបរទេស កុំព្យូទ័រ សម្រាប់ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ និងអាចសម្របខ្លួនទៅនឹងនិន្នាការការងារក្នុងសម័យឧស្សាហកម្មទី៤ គឺសម័យឌីជីថល និងតម្រូវការទីផ្សារពលកម្ម និងជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងប្អូនៗនិស្សិតទាំងអស់មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងការសិក្សាក្រោមម្លប់នៃសុខសន្តិភាព៕