នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៣ រសៀល សហព័ន្ធស្រូវអង្កកម្ពុជា បានរៀបចំជំនួបពិភាក្សាមួយស្ដីពី កិច្ចសន្យាកសិកម្ម លើស្រូវចំណី និងស្រូវពូជសម្រាប់រដូវកាលដាំដុះខាងមុខ។
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិក សមាជិកា ដែលចូលរួមស្មគ្រ័ចិត្ត សាកល្បងលើការអនុវត្តកិច្ចសន្យាកសិកម្ម លើស្រូវចំណីចំនួន ១០ម៉ឺនតោន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីពន្យល់ និងបង្ហាញអំពីយន្តការ នៃការអនុវត្តកិច្ចសន្យាកសិកម្ម ទាំងស្រូវពូជ និងស្រូវចំណី ។
បន្ទាប់ពីការពន្យល់ និងបង្ហាញអំពីយន្តការរបស់ឯកឧត្តមរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តមអនុរដ្ឋលេខាធិការ និងលោកប្រធាននាយកដ្ឋានដំណាំស្រូវ សមាជិក សមាជិកា របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំ យល់បានច្បាស់ និងសាទរចូលរួមក្នុងគម្រោងនេះទាំងអស់គ្នា។