ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញបើកសិក្ខាសាលាស្តីពីការណែនាំអំពីនីតិវិធីក្នុងការធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្ម ដែលប្រព្រឹត្តិទៅពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៦

ចេញ​ផ្សាយ​ ១៤ កុម្ភៈ ២០១៨ 5034

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៦ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញបើកសិក្ខាសាលាស្តីពីការណែនាំអំពីនីតិវិធីក្នុងការធ្វើពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្ម ដែលប្រព្រឹត្តិទៅពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៦។ ចូលរួមក្នុងសិក្ខាសាលានេះដែរ រួមមានឯកឧត្ដមថ្នាក់ដឹកនាំក្រសួង ឯកឧត្តម អស់លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាពជំនាញនៃក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋាននីតិកម្មកសិកម្ម ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី ជាប្រធានក្រុមហ៊ុន ពាណិជ្ជករ និងអាជីវករថ្នាំកសិកម្មនិងជីកសិកម្ម ជាច្រើនរូប។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថាៈ បច្ចុប្បន្ននេះ ផ្អែកតាមសន្ទុះអភិវឌ្ឍន៍ផលិតកម្មដំណាំកសិកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវតម្រូវការប្រើប្រាស់ជីកសិកម្មនិងថ្នាំកសិកម្ម កាន់តែកើនឡើងជាលំដាប់។ ចំពោះមុខ ពិតមែនតែធាតុចូលកសិកម្មទាំងនេះភាគច្រើនត្រូវបាននាំចូលពីបរទេសក្តី ប៉ុន្តែវានៅតែជាតម្រូវការចាំបាច់នៅក្នុងផលិតកម្មដំណាំកសិកម្ម ដែលត្រូវបានប្រើប្រាស់ដោយកសិករ និងធ្វើចរាចរលើទីផ្សារក្នុងទូទាំងប្រទេសកាន់តែទូលំទូលាយ និងបានកើនឡើងជាលំដាប់ ។ ដូច្នេះកំណើននៃការប្រើប្រាស់ធាតុចូលខាងលើ ក៏បានឆ្លុះបញ្ចាំងនូវការអភិវឌ្ឍន៍ផលិតកម្មដំណាំកសិកម្មនាបច្ចុប្បន្ននេះ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរ។ ប៉ុន្តែទន្ទឹមនឹងកំណើននេះ បញ្ហានិងកង្វល់មួយចំនួនក៏ត្រូវបានប្រឈមផងដែរនៅក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងពាណិជ្ជកម្មថ្នាំកសិកម្មនិងជីកសិកម្ម ទាំងការប្រើប្រាស់ដោយកសិករនូវផលិតផលទាំងនេះ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមស្រប ដើម្បីជួយដល់កសិករឲ្យទទួលបាននូវផលប្រយោជន៍ពិតប្រាកដពីការប្រើប្រាស់ ជួយបន្ទាបតម្លៃដើមផលិតផលកសិកម្ម និងអាចប្រកួតប្រជែងទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុកនូវកសិផលដែលធានាគុណភាពនិងសុវត្ថិភាពស្របតាមស្តង់ដារអន្តរជាតិ ពិសេសសម្រាប់ការនាំចេញ។ទោះជាយ៉ាងណាដើម្បីសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងការបំពេញភារកិច្ចរបស់ពាណិជ្ជករថ្នាំកសិ-កម្ម និងជីកសិកម្ម ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីការ គ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។

ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់បណ្តាក្រុមហ៊ុនធ្វើពាណិជ្ជកម្មថ្នាំកសិកម្មនិងជីកសិកម្ម ធ្វើការពិចារណាវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្មនិងជីកសិកម្មនៅក្នុងប្រទេសវិញដើម្បីបង្កើតការងារជូន ប្រជាជនកម្ពុជាផងនិងដើម្បីកាត់បន្ថយថ្លៃដើមបណ្តាលពីការប្រើប្រាស់ថ្នាំនិងជីកសិកម្មនាំចូលផងសំដៅលើកកម្ពស់ភាពប្រកួតប្រជែងផលិតផលកសិកម្មកម្ពុជាលើទីផ្សារក្នុងតំបន់និងអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានឆ្លៀតផ្តល់នូវអនុសាសន៍មួយចំនួនដល់អង្គសិក្ខាសាលាទាំងមូលដើម្បីអនុវត្តដូចខាងក្រោម៖ ក- សម្រាប់ពាណិជ្ជករថ្នាំកសិកម្មនិងជីកសិកម្ម ១-ក្រុមហ៊ុនត្រូវស្វែងយល់ដោយផ្ទាល់នូវព័ត៌មានបង្ហាញផ្លូវ និងកាតព្វកិច្ចរបស់ខ្លួន ដែលត្រូវអនុវត្ដនៅគ្រប់ដំណាក់កាលក្នុងប្រតិបត្តិការពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្ម ជាពិសេសនៅក្នុងដំណើរការនៃការចុះបញ្ជីប្រភេទផលិតផលថ្នាំកសិកម្មឬជីកសិកម្មនីមួយៗ ដែលទាមទារនូវពេលវេលាសមស្របសម្រាប់ឆ្លងកាត់ការវិភាគ ការសាកល្បងលើទីវាលពិសោធន៍ និងការសិក្សាអំពីហានិភ័យឬគ្រោះថ្នាក់ដែលអាចបង្កដោយផលិតផលថ្នាំកសិកម្មឬជីកសិកម្មទាំងនោះ ព្រមទាំងកាតព្វកិច្ចរបស់ខ្លួនដែលត្រូវអនុវត្ដនៅក្រោយពេលចុះបញ្ជិកាផលិតផល និងទទួលបានលិខិតអនុញ្ញាតឬវិញ្ញាបនបត្រ សម្រាប់ប្រតិបត្តិការពាណិជ្ជកម្មពាក់ព័ន្ធ។ ២-ក្រុមហ៊ុនត្រូវព្យាយាមទំនាក់ទំនងរកផលិតផលថ្នាំកសិកម្ម ឬជីកសិកម្ម សម្រាប់ការចុះបញ្ជិកា និងនាំចូលមកផ្តត់ផ្គង់ចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលចេញពីក្រុមហ៊ុនផលិតលាយផ្សំផ្ទាល់នៃប្រទេសប្រភពដើម ដើម្បីធានាគុណភាពផលិតផលពិតប្រាកដ និងមានតម្លៃដើមទាប អាចប្រកួតប្រជែងទីផ្សារដោយស្មើភាព ស្របតាមស្ថានភាពជាក់ស្តែងនៃក្សេត្របរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជា និងស្របតាមតម្រូវការប្រើប្រាស់របស់កសិករក្នុងផលិតកម្មកសិកម្មផងដែរ។ ផ្ទុយទៅវិញ ក្រុមហ៊ុនត្រូវជៀសវាងធ្វើការចុះបញ្ជីផលិតផល ឬធ្វើការនាំចូលថ្នាំកសិកម្មឬជីកសិកម្មមកព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាទិញពីក្រុមហ៊ុនចែកចាយបន្តក្រៅប្រទេសជាច្រើនតំណ គ្មានប្រភពដើមច្បាស់លាស់ ដែលធ្វើឲ្យតម្លៃដើមខ្ពស់ខុសពីតម្លៃដែលបញ្ជាទិញផ្ទាល់ពីក្រុមហ៊ុនប្រភពដើមលាយផ្សំដែលមានតម្លៃទាបនិងមានការធានាគុណភាពព្រមទាំងមានឯកសារយថាប្រភេទប្រភពដើមត្រឹមត្រូវស្របតាមបមាណីយអន្តរជាតិ។ ៣-ទន្ទឹមនឹងដំណើរការចុះបញ្ជីផលិតផលថ្នាំកសិកម្ម ឬ ជីកសិកម្ម ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការនាំចូលនាំចេញ លាយផ្សំឬវេចខ្ចប់ជាថ្មី និងផ្គត់ផ្គង់ចែកចាយ ចាំបាច់ត្រូវស្នើសុំធ្វើការចុះបញ្ជីឃ្លាំង សន្និធិថ្នាំកសិកម្មឬជីកសិកម្មជាមុន ដើម្បីសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួន ដែលត្រូវការចាំបាច់នូវឃ្លាំងសន្និធិសម្រាប់ធ្វើប្រតិបត្តិការពាក់ព័ន្ធក្នុងសកម្មភាពពាណិជ្ជកម្មប្រកបដោយសុវត្ថិភាព។ ៤-ក្រោយពេលទទួលបានវិញ្ញាបនបត្របញ្ជាក់បញ្ជិកាផលិតផល ក្រុមហ៊ុនត្រូវផលិតសំបកវេចខ្ចប់ផលិតផលថ្នាំកសិកម្ម ឬជីកសិកម្មរបស់ខ្លួនឱ្យហើយស្រេចជាមុន នៅមុនពេលស្នើសុំលិខិតអនុញ្ញាតនាំចូល ដោយត្រូវបោះពុម្ពនៅលើសំបកវេចខ្ចប់នូវស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរតាមគំរូដែលបានយល់ព្រមនៅពេលចុះបញ្ជី ឬត្រូវផលិតជាបរិយាយប័ណ្ណ ឬជាកូនសៀវភៅណែនាំអំពីផលិតផលរបស់ខ្លួនបន្ថែម សម្រាប់ដាក់នៅក្នុង ឬត្រូវភ្ជាប់ជាមួយសំបកវេចខ្ចប់។ ៥-នៅពេលស្នើសុំនាំចូលថ្នាំកសិកម្ម ឬជីកសិកម្ម ក្រុមហ៊ុនចាំបាច់ត្រូវភ្ជាប់ជាមួយពាក្យស្នើសុំនូវគំរូសំបកវេចខ្ចប់ដែលមានស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរ ដែលបានយល់ព្រមនៅពេលធ្វើការចុះបញ្ជី ដើម្បីធានាថាផលិតផលថ្នាំកសិកម្ម ឬជីកសិកម្មដែលក្រុមហ៊ុនស្នើសុំនាំចូលនោះ បានអនុវត្ដត្រឹមត្រូវតាមការតម្រូវបមាណីយ។ ៦-ក្រុមហ៊ុនដែលកាន់កាប់លិខិតអនុញ្ញាតនាំចូលថ្នាំកសិកម្ម ឬ ជីកសិកម្ម មានកាតព្វកិច្ចធ្វើ ប្រតិវេទន៍ ឬជូនព័ត៌មាន ជូនមកនាយកដ្ឋាននីតិកម្មកសិកម្ម អំពីការនាំចូលមកដល់ឃ្លាំងអចិន្រ្តៃយ៍ របស់ក្រុមហ៊ុននៅក្នុងរយៈពេលយ៉ាងតិច១៥ (ដប់ប្រាំថ្ងៃ) មុនថ្ងៃនាំចូលជាក់ស្តែង ដើម្បីមន្ដ្រីមានសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យលើការអនុវត្ដការតម្រូវបមាណីយដែលបានអះអាងនៅពេលធ្វើការចុះបញ្ជី។ ករណីនេះ ក្រុមហ៊ុនត្រូវធានាថាទំនិញថ្នាំកសិកម្មឬជីកសិកម្មដែលបាននាំចូល ធានាបមាណីយគុណភាពដើម និងត្រូវរក្សាទុកទំនិញថ្នាំកសិកម្មឬជីកសិកម្មដែលនាំចូលនោះនៅក្នុងឃ្លាំងអចិន្ដ្រៃយ៍របស់ខ្លួនសម្រាប់ការត្រួតពិនិត្យរបស់មន្ដ្រីមានសមត្ថកិច្ច នៅមុនពេលធ្វើការផ្គត់ផ្គង់ចែកចាយ។ ៧-ក្រុមហ៊ុនដែលកាន់កាប់រោងចក្រឬសិប្បកម្មផលិតលាយផ្សំ ឬវេចខ្ចប់ជាថ្មីនូវថ្នាំកសិកម្ម និងជីកសិកម្ម សម្រាប់ធ្វើការផ្គត់ផ្គង់ចែកចាយដោយផ្ទាល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើប្រតិវេទន៍ជូនក្រសួងយ៉ាងតិចចំនួន២ (ពីរ) លើកក្នុង១ឆ្នាំ ឬនៅពេលដែលចាំបាច់តាមការតម្រូវរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងករណីក្រុមហ៊ុនធ្វើការនាំចេញនូវផលិតផលថ្នាំកសិកម្ម និងជីកសិកម្មរបស់ខ្លួនត្រូវធ្វើប្រតិវេទន៍ជូនក្រសួងក្នុងរយៈពេលកំណត់ដោយនីតិវិធី នៅមុនពេលនាំចេញជាក់ស្តែង។ ៨-ក្រុមហ៊ុនដែលធ្វើការនាំចូល ធ្វើការលាយផ្សំ ឬវេចខ្ចប់ជាថ្មី សម្រាប់ផ្គត់ផ្គង់ចែកចាយដោយផ្ទាល់នូវថ្នាំកសិកម្ម ឬជីកសិកម្ម ព្រមទាំងពាណិជ្ជករដែលទទួលផ្គត់ផ្គង់ចែកចាយបន្តនូវថ្នាំកសិកម្មឬជីកសិកម្មពីក្រុមហ៊ុនដើមដែលនាំចូល ដែលលាយផ្សំ ឬវេចខ្ចប់ជាថ្មីក្នុងស្រុក ឱ្យដល់បណ្តាដេប៉ូលក់ដុំលក់រាយក្នុងរាជធានី ខេត្ត ត្រូវមានលិខិតអនុញ្ញាតផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មឬជីកសិកម្មចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវមានកិច្ចសន្យាធ្វើជាអ្នកផ្គត់ផ្គង់ចែកចាយជាមួយក្រុមហ៊ុនដើម និងត្រូវមានបញ្ជីឈ្មោះដេប៉ូ ឬសាខាលក់ដុំលក់រាយតាមរាជធានី ខេត្ត ដែលទទួលយកការផ្គត់ផ្គង់របស់ខ្លួន ដើម្បីទទួលខុសត្រូវរួមចំពោះមុខច្បាប់រវាងក្រុមហ៊ុននាំចូល ក្រុមហ៊ុនផ្គត់ផ្គង់ចែកចាយបន្ត និងពាណិជ្ជករលក់ដុំលក់រាយ នៅក្នុងខ្សែចង្វាក់ពាណិជ្ជកម្មរបស់ខ្លួន។ ៩-ក្រុមហ៊ុនដែលធ្វើការនាំចូល ធ្វើការលាយផ្សំឬវេចខ្ចប់ជាថ្មីនូវថ្នាំកសិកម្ម និងជីកសិកម្ម ត្រូវមានបុគ្គលិកបច្ចេកទេសប្រចាំការដែលមានជំនាញពាក់ព័ន្ធនឹងថ្នាំកសិកម្ម ឬ ជីកសិកម្ម និងត្រូវមានការទទួលស្គាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រុមហ៊ុនដែលស្នើសុំលិខិតអនុញ្ញាត ឬវិញ្ញាបនបត្រធ្វើប្រតិបត្តិការពាក់ព័ន្ធថ្នាំកសិកម្ម និងជីកសិកម្ម មានកាតព្វកិច្ចបង់កម្រៃសេវាសាធារណៈចូលថវិការដ្ឋ ចំពោះរាល់ករណីស្នើសុំលិខិតអនុញ្ញាតឬវិញ្ញាបនបត្រ តាមករណីប្រតិបត្តិការពាក់ព័ន្ធនីមួយៗតាមប្រកាសរួមលេខ១០១៣ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ១០-ក្រុមហ៊ុនពាណិជ្ជកម្មថ្នាំកសិកម្ម ឬជីកសិកម្ម មិនត្រូវធ្វើការផ្សាយពាណិជ្ជកម្ម ឬការផ្សព្វផ្សាយផលិតផលថ្នាំកសិកម្ម ឬជីកសិកម្មរបស់ខ្លួន នៅមុនពេលដែលមិនទាន់បានធ្វើការចុះបញ្ជី ផលិតផល ឬមិនទាន់បានទទួលវិញ្ញាបនបត្របញ្ជាក់បញ្ជិកាប្រភេទថ្នាំកសិកម្ម ឬជីកសិកម្មនោះឡើយ។ ការនាំចូលថ្នាំកសិកម្ម ឬជីកសិកម្ម ក្នុងគោលបំណងធ្វើអំណោយ ធ្វើពិសោធន៍ ឬសម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋានផ្ទាល់ទោះបីជាឯកជនឬរដ្ឋក្តី ក៏ត្រូវស្នើសុំលិខិតអនុញ្ញាត និងត្រូវមានការយល់ព្រមជាមុនពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្របតាមច្បាប់និងនីតិវិធីជាធរមាន។ ១១-ក្រុមហ៊ុនពាណិជ្ជកម្មថ្នាំកសិកម្ម ឬជីកសិកម្ម ត្រូវមានភាពស្មោះត្រង់ និងមានសីលធម៌ក្នុងមុខរបររបស់ខ្លួន ដោយមិនត្រូវប្រព្រឹត្តអំពើក្លែងបន្លំគុណភាព កែច្នៃផលិតផលខុសពីគុណភាពដើម ឬក្លែងបន្លំសំបកវេចខ្ចប់ និងត្រូវជៀសវាងទិញចូលសម្រាប់លក់នូវថ្នាំកសិកម្ម ឬជីកសិកម្មដែលគេចពន្ធ ឬលួចលាក់នាំចូលពីប្រទេសជិតខាង ឬមានប្រភពចេញពីអំពើល្មើសច្បាប់ផ្សេងទៀតឡើយ។ ជាពិសេសជៀសវាងការនាំចូល ឬលួចនាំចូលប្រភេទថ្នាំឬជីកសិកម្មដែលស្ថិតនៅក្នុងបញ្ជីហាមឃាត់។ ១២- ក្រុមហ៊ុនពាណិជ្ជកម្មថ្នាំកសិកម្ម ឬជីកសិកម្ម ត្រូវមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្ដិការល្អជាមួយអង្គភាពជំនាញពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសម្រួលដល់ដំណើរការធុរកិច្ចរបស់ខ្លួនដោយត្រូវគោរព និងអនុវត្តរាល់នីតិវិធី បទបញ្ជា និងសារាចរណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងត្រូវចូលរួមតាមដានឬត្រូវផ្តល់ព័ត៌មានអំពីបទល្មើសក្លែងបន្លំគុណភាព ឬបទល្មើសផ្សេងទៀតនៅក្នុងពាណិជ្ជកម្មថ្នាំកសិកម្ម ឬជីកសិកម្ម ដើម្បីមន្រ្តីមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់ជាធរមាន។

ខ- សម្រាប់មន្ត្រីរាជការអង្គភាពនីតិកម្មកសិកម្ម ១-បន្តជំរុញសិក្សារៀបចំបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពី ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម សម្រាប់កម្មវិធីនីតិកម្មឆ្នាំ២០១៦ របស់អង្គភាព។ ទន្ទឹមនេះត្រូវជំរុញការចូលរួមអភិវឌ្ឍន៍បទដ្ឋានគតិយុត្តវិស័យកសិកម្ម ជាពិសេសសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួនក្នុងក្របខណ្ឌសុវត្ថិភាពស្បៀង។ ២-បន្តពង្រឹងអំពីការពិនិត្យ វាយតម្លៃលើការបំពេញការតម្រូវបមាណីយ សម្រាប់សំណើសុំការចុះបញ្ជី ការស្នើសុំលិខិតអនុញ្ញាតនាំចូលនាំចេញ និងលិខិតអនុញ្ញាតផ្សេងទៀតពាក់ព័ន្ធថ្នាំកសិកម្ម និងជីកសិកម្ម ដោយអនុលាមតាមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម។ ៣-ពង្រឹងសមត្ថភាពរបស់មន្ត្រីអង្គភាពនីតិកម្មកសិកម្ម ក្នុងការបំពេញតួនាទីជាមន្ត្រីអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម ដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ ដើម្បីពង្រឹងការអនុវត្ដច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្មជាធរមាន។ ៤-ជំរុញការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្ដច្បាប់ចំពោះសកម្មភាពពាណិជ្ជកម្មគ្រប់រូបភាពនៅក្នុងទូទាំងប្រទេស ជាពិសេសត្រូវយកចិត្តទុកដាក់ ចំពោះខេត្តជាប់ព្រំដែនដែលមានច្រកនាំចូលគ្រប់ប្រភេទ និងពង្រឹងការត្រួតពិនិត្យដើមគ្រាលើថ្នាំកសិកម្មនិងជីកសិកម្ម ដែលធ្វើការនាំចូលនៅមុនពេលផ្គត់ផ្គង់ចែកចាយលើទីផ្សារ ដោយត្រួតពិនិត្យលើបមាណីយគុណភាពផលិតផល ស្លាកសញ្ញាព័ត៌មានភាសាខ្មែរលើសំបកវេចខ្ចប់ និងប្រភពដើមស្របច្បាប់នៃផលិតផលនាំចូល។ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ពង្រឹងការត្រួតពិនិត្យលើការនាំចូលថ្នាំកសិកម្ម និងជីកសិកម្ម សម្រាប់ការប្រើប្រាស់ក្រៅគោលបំណងពាណិជ្ជកម្ម ជាពិសេស ការប្រើប្រាស់របស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច និងកសិដ្ឋានកសិឧស្សាហកម្ម ទោះជាកសិដ្ឋានឯកជន ឬរដ្ឋ ដោយត្រូវជំរុញឲ្យម្ចាស់កសិដ្ឋាន អនុវត្តតាមច្បាប់និងនីតិវិធីជាធរមាន។ ៥-បន្ដអនុវត្តកម្មវិធីផ្សព្វផ្សាយដល់ថ្នាក់ក្រោមជាតិ នូវខ្លឹមសារគោលនិងនីតិវិធីអនុវត្តនៃច្បាប់ស្ដី ពីការគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម ដោយត្រូវយកចិត្តទុកដាក់ចំពោះខេត្តគោលដៅដែលបានកំណត់ក្នុងផែនការ។ ទន្ទឹមនេះ ត្រូវជំរុញការអនុវត្តនីតិវិធីផ្សាយពាណិជ្ជកម្មរបស់ផ្នែកឯកជនអំពីសម្ភារកសិកម្ម ជាពិសេសការផ្សាយពាណិជ្ជកម្មថ្នាំកសិកម្ម និងជីកសិកម្ម ដែលត្រូវមានការយល់ព្រមជាមុនពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកម្មវិធី និងអត្ថបទផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន ស្របតាមច្បាប់និងនីតិវិធីជាធរមាន។ អង្គភាពជំនាញត្រូវខិតខំផ្សព្វផ្សាយបន្តទៅដល់បងប្អូនកសិករអំពីហានីភ័យផ្សេងៗដែលអាចកើតឡើងអំពីការប្រើប្រាស់ថ្នាំ ឬ ជីកសិកម្មពុំបានសមស្របតាមលក្ខខ័ណ្ឌបច្ចេក-ទេស និងទៅតាមដំណាក់កាលនៃការលូតលាស់របស់ដំណាំដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខុមាលភាពសាធារណៈ។ ៦-បន្ដពង្រឹងសមត្ថភាពមន្ទីរពិសោធន៍វិភាគគុណភាពជីកសិកម្ម ដើម្បីវិភាគសារធាតុលោហៈធ្ងន់នៅក្នុងជីកសិកម្ម ដែលជាសារធាតុបង្កគ្រោះថ្នាក់សម្រាប់ការស្នើសុំចុះបញ្ជីជីកសិកម្ម និងសម្រាប់ការត្រួតពិនិត្យផ្ទៀងផ្ទាត់បមា-ណីយគុណភាពនៅក្នុងសកម្មភាពពាណិជ្ជកម្ម។ ៧- លើកកម្ពស់អភិបាលកិច្ចល្អក្នុងការបម្រើសេវាសាធារណៈឱ្យបានទាន់ពេលវេលា ផ្តល់ភាពកក់ក្តៅចំពោះពាណិជ្ជករសម្ភារកសិកម្មនិងត្រូវបំពេញតួនាទីជាមន្ត្រីបម្រើសេវាសាធារណៈ ដោយផ្អែកតាមគោលការណ៍វិជ្ជាជីវៈ និងនីតិវិធីពាក់ព័ន្ធជាធរមាន។ ៨-ត្រូវធ្វើបទបង្ហាញ និងពន្យល់ដល់ពាណិជ្ជករសម្ភារកសិកម្មទាំងអស់ នៅក្នុងអង្គសិក្ខាសាលានេះនូវបណ្តានីតិវិធី និងបទបង្ហាញបច្ចេកទេស ព្រមទាំងការតម្រូវបមាណីយដែលត្រូវអនុវត្តក្នុងពាណិជ្ជកម្មសម្ភារកសិកម្ម ដើម្បីឱ្យក្រុមហ៊ុនពាណិជ្ជកម្មសម្ភារកសិកម្មទាំងអស់យកទៅអនុវត្តបានល្អប្រសើរក្នុងធុរកិច្ចរបស់ខ្លួន។ ៩-ត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់ថ្នាក់ អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ អង្គភាពប្រដាប់អាវុធ និងស្ថាប័នតុលាការ ដើម្បីពង្រឹងការគ្រប់គ្រង និងការអនុវត្ដច្បាប់ចំពោះសកម្មភាពពាណិជ្ជកម្មសម្ភារកសិកម្ម នៅក្នុងមូលដ្ឋានសាមីប្រកបដោយប្រសិទ្ធភាព។

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 441

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 512

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 561

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 482

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 683

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 696

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 643

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 658

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 683

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 690

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 710

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...