នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និងជាប្រធានទទួលបន្ទុកស្រុកស្ទោង នៃគម្រោង EMPOWER អមដំណើរដោយលោក សាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង ព្រមទាំងក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលឃុំគោលដៅ មន្ត្រីកសិកម្មឃុំ និងតំណាងក្រុមហ៊ុន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោង និងប្រគល់កូនមាន់ ព្រមទាំងសម្ភារចិញ្ចឹមមាន់ជូនដល់គ្រួសារទទួលផលសរុបចំនួន ២១០គ្រួសារ នៅឃុំចំណាក្រោម និងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
នាឱកាសនោះ គម្រោងបានប្រគល់កូនមាន់សរុបចំនួន ៣៨ ២៨០ក្បាល ក្នុងនោះមាន៖ មាន់ពូជឈាមបីចំនួន ២៣ ១០០ក្បាល និងមាន់ពូជស្រែចំនួន ១៥ ១៨០ក្បាល។ ជាក់ស្តែង នៅឃុំចំណាក្រោម មានគ្រួសារទទួលផលចំនួន ១៣៨គ្រួសារ ទទួលបានកូនមាន់ចំនួន ៣០ ៣៦០ក្បាល និងនៅឃុំចំណាលើ មានគ្រួសារទទួលផលចំនួន ៧២គ្រួសារ ទទួលបានកូនមាន់ចំនួន ៧.៩២០ក្បាល។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចុះពិនិត្យការរៀបចំវគ្គបណ្តុះបណ្តាលក្នុងក្របខ័ណ្ឌគម្រោង EMPOWER លើផលិតកម្មបន្លែ និងផ្សិត ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសផលិតកម្មកសិកម្មរបស់ប្រជាកសិករ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ាន សុគ្រី បានណែនាំ និងផ្តែផ្តាំដល់គ្រួសារទទួលផលទាំងអស់ ឱ្យយកចិត្តទុកដាក់ក្នុងការថែទាំ និងចិញ្ចឹមមាន់តាមលក្ខណៈបច្ចេកទេស ព្រមទាំងប្រើប្រាស់សម្ភារៈដែលទទួលបានឱ្យមានប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវផលិតភាព និងគុណភាពស្របតាមតម្រូវការទីផ្សារ។ ការគាំទ្រនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ បង្កើតឱកាសមុខរបរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា តាមរយៈសកម្មភាពនេះ គម្រោង EMPOWER បន្តពង្រឹងការសម្របសម្រួល និងការតាមដាននៅមូលដ្ឋាន ដើម្បីជួយឱ្យកសិករទទួលបានអត្ថប្រយោជន៍ពីសកម្មភាពគាំទ្រ របស់គម្រោង បង្កើនឱកាសបង្កើតប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាព ធន់នៃជីវភាពគ្រួសារកសិករនៅតំបន់គោលដៅ៕