សហគមន៏អភិវឌ្ឍន៏កសិកម្មបូព៌ាសែនជ័យ នៅភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្ដេច ខណៈនេះត្រូវបានគេមើលឃើញ ពីភាពចាំបាច់ ដែលត្រូវពង្រឹងថែមទៀត ដើម្បីឲ្យក្លាយជាសហគមន៏មួយ ដែលអាចបង្ហាញ ពីភាពជាគំរូដល់កសិករដទៃ។
បញ្ហានេះត្រូវ បានបង្ហាញឲ្យឃើញនៅក្នុងឱកាស ដែលឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅទីនោះ កាលពីចុងសប្ដាហ៏នេះ ដើម្បីពិនិត្យការធ្វើស្រូវដើមរដូវផង និងបានជួបជាមួយកសិករចំនួន១០០គ្រួសារ ដែលជាសមាជិកសហគមន៏នេះផង។
តំណាងសហគមន៏ បានជម្រាបឯកឧត្តមរដ្ឋមន្ដ្រីថា ដោយសារសហគមន៏នេះ ទើបបង្កើតឡើង គឺនៅមានលក្ខណៈទន់ខ្សោយនិងមិនទាន់មានភាពម្ចាស់ការនៅឡើយ។
ឯកឧត្តមរដ្ឋមន្ដ្រី បានជូនយោលបល់ថា ជាការងារចំពោះ គឺសហគមន៏ត្រូវបន្ដដោយការរួមគ្នាធ្វើនូវអ្វី ដែលសហគមន៏ បានអនុវត្ដកន្លងមក។ជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្មរៀបចំ បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងដល់សហគមន៏ ដើម្បីពង្រឹងការដឹកនាំឈានទៅរកការគ្រប់គ្រងសហគមន៏ដោយខ្លួនឯង។
ឯកឧត្តមក៏បានលើកឡើងពីពិសោធន៏របស់សហគមន៏មួយចំនួន ដែលបានជួបប្រទះ និងជម្នះបាននាពេលកន្លងទៅ។ លោកជឿលជាក់ថា សហគមន៏នេះពិតជាទៅមុខប្រសិនជាមានជួយជំរុញបន្ថែមពីក្រសួងមន្ទីរកសិកម្មខេត្ដនិងមន្ទីរជំនាញ ព្រមទាំងការប្រឹងប្រែងព្យាយាមផ្ទាល់របស់សមាជិកសហគមន៏ផង។
ទាក់ទងដល់ការបង្កបង្កើនផល ឯកឧត្តមរដ្ឋមន្ដ្រី បានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្មសហការជាមួយ នាយកដ្ឋាននីតិកម្ម ចេញសេចក្ដីណែនាំមួយ ស្ដីពីការប្រើប្រាស់ថ្នាំជំនួយការលូតលាស់លើដំណាំស្រូវ ដំណាំហូបផ្លែ ដើម្បីឱ្យមន្ទីរកសិកម្មធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករ និងផ្សព្វផ្សាយតាមវិទ្យុ តាមទូរទស្សន៏បន្ថែទៀត។ ឯកឧត្តមក៏បានអំពាវនាវដល់កសិករកុំឱ្យប្រើប្រាស់ថ្នាំពុល កសិកម្ម និងជីគីមីផងដែរ ព្រោះវាបង្កការប៉ះពាល់ច្រើនដល់ទឹកដី ចំណីអាហារ របស់យើង។តែកសិករត្រូវប្រើប្រាស់ជីធម្មជាតិ និងថ្នាំពុលកសិកម្មជំនួសវិញ។
សូមបញ្ជាក់ថា ល្បឿនការងារបង្ដបង្កើនផលស្រូវរដូវវស្សាខេត្ដព្រៃវែងគិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១០ បានភ្ជួររាស់សរុបទទួលបាន៦៧.៩៩៣ហិកតា ស្ទូងសរុបបាន៤៨.៦៧៤ហិកតា ស្មើ១៩.៤៧ភាគរយ ក្នុងនោះមានស្រូវស្រាល២៩.៣២៦ហិកតា ស្រូវកណ្ដាល១១.១៣៣ហិកតា ស្រូវធ្ងន់ ៧.៩០១ហិកតា ស្រូវឡើងទឹក ៣១៤ហិកតា៕