នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។
ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែលកំពុងរីកចម្រើនរវាងកម្ពុជា និងហ្វីលីពីន ជាពិសេសលើវិស័យកសិ-ពាណិជ្ជកម្ម សន្តិសុខស្បៀង ដែលក្នុងនោះការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីនមានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ ២១៩ ៨៨១ តោន ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦ ឬស្មើនឹង ២០.៤៥% នៃការនាំចេញសរុបរបស់កម្ពុជា។
ជាទីបញ្ចប់ ភាគីទាំងពីរបានបង្ហាញពីការរំពឹងទុក និងត្រៀមខ្លួនជាស្រេចក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតក្នុងវិស័យកសិ-ចំណីអាហារ នាពេលអនាគត ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនដល់កសិករ និងអ្នកប្រើប្រាស់នៃប្រទេសទាំងពីរ៕