នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំបន្តនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យសេចក្តីព្រាងសន្ទរកថាសម្រាប់សម្តេចតេជោនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានណែនាំគណៈកម្មាធិការរៀបចំសន្និបាត ពិនិត្យនិងផ្ទៀងផ្ទាត់ឱ្យបានល្អិតល្អន់លើរបាយការណ៍។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់អគ្គនាយកដ្ឋានទាំង៥ ត្រូវលើកពីការងារតាមអនុវិស័យនីមួយៗឱ្យបានច្បាស់លាស់ ដោយត្រូវពិនិត្យលើការងារជំរុញស្វាយចន្ទី ដែលសម្តេចនាយករដ្ឋមន្ត្រីបានប្រកាស ដាក់ជាគោលដៅយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម។ ចំណែក ការងារសន្តិសុខ សុវត្ថិភាពសម្រាប់ថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំ ដែលនឹងចូលរួមសន្និបាត ឯកឧត្តមរដ្ឋមន្ដ្រីបានផ្ដល់អនុសាសន៍ឱ្យធានាឱ្យបានល្អបំផុត៕