វិស័យជលផលកម្ពុជាគឺជាប្រភពផ្គត់ផ្គង់ម្ហូបអាហារដ៏សំខាន់តាំងពីបុរាណកាលមក និងជាប្រភពអាហារូបត្ថម្ភ ការងារ ពាណិជ្ជកម្ម វប្បធម៌ និងនៅតែបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលបច្ចុប្បន្ននេះ។ ជលផលទឹកសាបកម្ពុជាមានភាពសម្បូរបែប នៅលើពិភពលោក ដោយការប្រមូលផលត្រីភាគច្រើនគឺបានមកពីបឹងទន្លេសាប ដែលជាបឹងទឹកសាបដ៏ធំបំផុតនៅភូមិភាគអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាទទួលទានត្រីក្នុងបរិមាណប៉ាន់ស្មាន ៤៥,៧៥ គីឡូក្រាម ក្នុងមួយនាក់ក្នុងមួយឆ្នាំ ក្នុងឆ្នាំ ២០២០ ក្រោយតួលេខនេះឡើងដល់កំពូលគឺ ៦៣,២គីឡូក្រាម ក្នុងមួយនាក់ក្នុងមួយឆ្នាំ ក្នុងឆ្នាំ ២០១១ ដោយស្ត្រី ៧០% ជាកម្លាំងពលកម្មបម្រើការងារក្នុងវិស័យជលផល និងវារីវប្បកម្ម។ ប្រជាពលរដ្ឋកម្ពុជាប្រហែល ៣ លាននាក់ (២០% នៃចំនួនប្រជាជនសរុប) អាស្រ័យលើផលជលផលដោយផ្ទាល់សម្រាប់ការចិញ្ចឹមជីវិត ខណៈដែលផ្នែកជលផលក្រោយប្រមូលផលបានផ្តល់ការងារដល់មនុស្សប្រមាណ ៣៣.០០០នាក់ ដែលភាគច្រើនជាស្ត្រី។ វិស័យនេះបានរួមចំណែកដល់ផលិតផលសរុបក្នុងស្រុក (GDP) ប្រមាណ ១០ ភាគរយ។
មុនឆ្នាំ ២០១៩ ការផ្គត់ផ្គង់ផល ផលិតផលជលផលក្រោយប្រមូលផល ជួបប្រទះនឹងឧបសគ្គ និងកង្វះខាតជាច្រើន ដែលបណ្តាលអោយផលិតផលទាំងនោះពុំអាចប្រកួតប្រជែងផ្នែកតម្លៃ សុវត្ថិភាព និងគុណភាពទាំងទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ឬសម្រាប់វិស័យនេះទាំងមូល។ បញ្ហាប្រឈមសំខាន់ៗ រួមមាន ភាពមិនផ្លូវការ (ដោយផ្អែកលើការចុះបញ្ជីជាផ្លូវការនៅមានកម្រិតទាប) សមត្ថភាពអនុលោមភាពនៅមានកម្រិតផលិតភាពទាប គុណភាពអន់ សកម្មភាពបន្ថែមតម្លៃ ការធ្វើពិពិធកម្មនៅទាប និងកង្វះខាតផ្នែកបច្ចេកទេសកែច្នៃថ្មីៗ រួមទាំងឧបករណ៍។
កត្តារួមផ្សំមួយចំនួនទៀត មានដូចជាកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងជំនាញអាជីវកម្មនៅមានកម្រិត កង្វះស្តង់ដារបច្ចេកទេសកែច្នៃ លទ្ធភាពទទួលបានដើមទុននៅមានកម្រិត និងតម្រូវការនៅមានកម្រិតទាប គួបផ្សំនឹងភាពស្ទាក់ស្ទើរក្នុងការចំណាយលើផលិតផលមានគុណភាពខ្ពស់ពីសំណាក់អតិថិជន។ តាមរយៈការកែច្នៃតាមបែបប្រពៃណី ការបាត់បង់ក្រោយពេលប្រមូលផល ជាធម្មតាបណ្តាលមកពីបញ្ហាដូចជាផ្សិត ការបំផ្លាញ់ដោយសត្វចង្រៃ និងកំហូចគុណភាពមុនពេលកែច្នៃ។ ការកែលម្អគុណភាពនៃផលិតផលជលផលតាមបែបប្រពៃណី អាចជួយជំរុញតម្រូវការផលជលផលដែលមានគុណភាពខ្ពស់សម្រាប់មនុស្សទទួលទាន និងការប្រើប្រាស់នៅទូទាំងប្រទេសផងដែរ។
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) គាំទ្រមូលនិធិដោយសហភាពអឺរ៉ុប និងអនុវត្តរួមគ្នាដោយ UNIDO និងរដ្ឋបាលជលផល (FiA) បាននិងកំពុងដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍអនុវិស័យជលផលក្រោយប្រមូលផលតាមរយៈការធ្វើឱ្យប្រសើរឡើងក្របខណ្ឌគតិយុត្តនិងស្ថាប័នអាជ្ញាធរមានសមត្ថកិច្ច ជំរុញវិស័យឯកជនឱ្យទទួលយកនវានុវត្តន៍ និង ការអនុវត្តន៍ល្អៗ។ ចាប់ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៥ គម្រោងបានវិនិយោគទឹកប្រាក់ចំនួន ២ លានដុល្លារ និងបានកៀគរទុនចូលរួមពីវិស័យឯកជនផ្ទាល់បានចំនួន៣លានដុល្លារបន្ថែមដើម្បីកែលម្អអាជីវកម្ម ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវបរិក្ខារកែច្នៃ និងការអនុវត្តនានា ស្របតាមស្តង់ដារសុវត្ថិភាពម្ហូបអាហារដូចជា និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) និង ស្តង់ដារប្រព័ន្ធហាសឹប (HACCP) និងលក្ខខណ្ឌតម្រូវផ្សេងៗទៀតរបស់ទីផ្សារផងដែរ។ ប្រតិបត្តិករធុរកិច្ចជលផល (FBOs) ចំនួន ១៩ ទទួលបានវិញ្ញាបនបត្រ CQS និង ៤ សហគ្រាសទទួលបានវិញ្ញាបនបត្រ HACCP ហើយបានត្រៀមលក្ខណៈរួចរាល់សម្រាប់សវនកម្មពីអគ្គនាយកដ្ឋានសុខភាពនិងសុវត្ថិភាពម្ហូបអាហារ (DG SANTE) នៃសហភាពអឺរ៉ុបនាឆ្នាំ ២០២៦ ខាងមុខ។ បន្ថែមលើនេះ ប្រតិបត្តិករអាជីវកម្មប្រមាណ ៦០ស្ថាប័ន និងដៃគូអាជីវកម្មជាង ៤០០នៅក្នុងខ្សែច្រវាក់តម្លៃ បានបង្កើននិងកែលម្អការអនុវត្តអនាម័យល្អ និងទទួលបានទីផ្សារកាន់តែប្រសើរ។ ថ្មីៗនេះ កម្ពុជា ទើបបាននាំចេញផលិតផលជលផលទៅកាន់ប្រទេសចិនដោយជោគជ័យ និងបានជួយដល់អាជីវកម្មក្នុងស្រុកពង្រីកទីផ្សារទៅកាន់ទីផ្សារពិភពលោក ដូចជាអូស្ត្រាលី នូវែលហ្សេឡង់ កូរ៉េ និងសហរដ្ឋអាមេរិក។