យេនឌ័រ និងពលកម្មកុមារ

សូមស្វាគមន៍មកកាន់ទំព័រចំណេះដឹងស្តីពីសមភាពយេនឌ័រនៅក្នុងវិស័យជលផល

ហេតុអ្វីចាំបាច់គិតគូរពីបញ្ហាយេនឌ័រនៅក្នុងវិស័យជលផល
សមភាពយេនឌ័រគឺសំខាន់ណាស់ចំពោះនិរន្តរភាពនៃសហគមន៍នេសាទ ព្រោះវាធានាបាននូវឱកាសស្មើគ្នាដល់ទាំងបុរសនិងស្ដ្រីក្នុងការរួមចំណែកនិងទទួលបានអត្ថប្រយោជន៍ពីវិស័យនេះ។ ការដោះស្រាយវិសមភាពយេនឌ័រនិងពលកម្មកុមារមានសារៈសំខាន់ណាស់ក្នុងការបង្កើតនូវការនេសាទ ដែលធន់និងប្រកបដោយបរិយាបន្ន ដើម្បីគាំទ្រដល់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព។
 
ស្ត្រីរួមចំណែកជាងពាក់កណ្តាលនៅក្នុងខ្សែច្រវ៉ាក់តម្លៃត្រីទាំងមូលនៅក្នុងប្រទេសកម្ពុជានិងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការងារនេសាទនៅតាមគ្រួសារ។ បើទោះបីជាមានការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងសកម្មភាពជាច្រើនរាប់ចាប់តាំងពីការនេសាទ វារីវប្បកម្ម រហូតដល់សកម្មភាពក្រោយការប្រមូលផលដូចជាការកែច្នៃនិងលក់ដូរក៏ដោយ តួនាទីរបស់ពួកគេច្រើនតែត្រូវបានគេចាត់ទុកជាការងារបន្ថែមលើការងារផ្ទះសម្បែងតែប៉ុណ្ណោះ ដែលបណ្ដាលឱ្យគេមើលមិនសូវឃើញពីតម្លៃសេដ្ឋកិច្ចដល់សកម្មភាពទាំងនេះ។ លើសពីនេះ ស្ត្រីខ្វះឱកាសក្នុងការបង្កើនជំនាញនិងសមត្ថភាពរបស់ពួកគេ ដែលជាកត្តាចម្បងបណ្តាលឱ្យខ្វះអំណាចក្នុងការចរចានិងការទទួលបានតួនាទីដឹកនាំ។ ការទទួលខុសត្រូវលើការងារមិនទទួលបានប្រាក់កម្រៃ
និងការថែទាំគ្រួសារ ជាការរារាំងបន្ថែមដល់ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ចនិងសង្គម អាចនាំមកនូវឧបសគ្គដល់ការសម្រេចគោលដៅវិជ្ជាជីវៈរបស់ពួកគេ។
 
សមភាពយេនឌ័រនិងទំនាក់ទំនងជាមួយអាទិភាពថ្នាក់ជាតិ៖
  • សមភាពយេនឌ័រគឺជាធាតុផ្សំស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញពីកំណើនប្រកបដោយបរិយាបន្ននិងកិច្ចគាំពារសង្គម ជាសសរស្តម្ភសំខាន់សម្រាប់ការអភិវឌ្ឍ។
  • ការប្តេជ្ញាចិត្តគោលនយោបាយ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល សង្កត់ធ្ងន់លើសមភាពយេនឌ័រនិងការលុបបំបាត់ពលកម្មកុមារជាអាទិភាពនៅក្នុងគោលនយោបាយនានា ក្នុងនោះរួមមានក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផលរបស់រដ្ឋបាលជលផល។
  • និរន្តរភាពមុខរបរចិញ្ចឹមជីវិត៖ ការពង្រឹងអំណាចដល់ស្ត្រីក្នុងវិស័យជលផលរួមចំណែកដល់សន្តិសុខស្បៀង ភាពធន់ និងការកាត់បន្ថយភាពក្រីក្រ ទន្ទឹមនឹងការលើកកម្ពស់សុខុមាលភាពរបស់សហគមន៍នេសាទ។
  •  ការផ្ដាច់វដ្តនៃភាពក្រីក្រ៖ ការវិនិយោគលើជំនាញរបស់ស្ត្រី ភាពជាអ្នកដឹកនាំ និងឱកាសសេដ្ឋកិច្ចជួយកាត់បន្ថយពលកម្មកុមារ បង្កើនចំណូលតាមគ្រួសារ និងធានាបាននូវវឌ្ឍនភាពជាបន្តបន្ទាប់។
មានភស្តុតាងគួរឱ្យជឿជាក់ជាច្រើនបង្ហាញពីឥទ្ធិពលផ្លាស់ប្តូរយ៉ាងសំខាន់នៃសមភាពយេនឌ័រលើការអភិវឌ្ឍប្រកបដោយចីរភាព។ ការលើកកម្ពស់សមភាពយេនឌ័រនិងការការពារកុមារពីពលកម្មកុមារ មិនត្រឹមតែសិទ្ធិមនុស្សជាមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសារៈសំខាន់ចំពោះការកាត់បន្ថយភាពក្រីក្រ ការពង្រឹងសេដ្ឋកិច្ចជនបទ និងការគ្រប់គ្រងធនធានធម្មជាតិនិងប្រព័ន្ធអេកូឡូស៊ីជលផលប្រកបដោយនិរន្តរភាព។
 
ការពង្រឹងអំណាចដល់ស្ត្រីគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការកែលម្អលទ្ធផលការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលបានផ្តល់អត្ថប្រយោជន៍មិនត្រឹមតែដល់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងសមាជិកគ្រួសារ និងសហគមន៍របស់ពួកគេផង    ដែរ។ ការលើកកម្ពស់ដល់ស្រ្ដីរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអសន្តិសុខស្បៀង អត្រាពលកម្មកុមារ និងការផ្ដាច់វដ្តនៃភាពក្រីក្របន្តជំនាន់។