នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការរួម កម្ពុជា-អឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក។
អង្គប្រជុំបានពិភាក្សាលើករបៀបវារៈមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច និងនយោបាយនៃសហភាពអឺរ៉ុប និងកម្ពុជា, ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចរបស់កម្ពុជា, ការធ្វើពាណិជ្ជកម្ម និងវិនិយោគ, អភិបាលកិច្ច និងសិទ្ធមនុស្ស, ការប្រែលប្រួលអាកាសធាតុ និងបរិស្ថាន, ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានច្បាប់ (IUU-Fishing) និងបញ្ហាជាសកលមួយចំនួនទៀតដូចជា ទំនាក់ទំនង EU-ASEAN Relation បញ្ហាភូមា សន្តិសុខសមុទ្រ បញ្ហានៅអ៊ុយក្រែន និងមជ្ឈឹមបូព៌ាជាដើម។
ដោយឡែក ទាក់ទងនឹងវិស័យកសិកម្ម ដោយចំពោះបញ្ហា IUU-Fishing ភាគី EU បានបង្ហាញជំហរជួយកម្ពុជា ក្នុងការគ្រប់គ្រងធនធានជលផលឱ្យមាននិរន្តរភាព តាមរយៈការរៀបចំផែនការគ្រប់គ្រងតំបន់ឆ្នេរ ការចុះបញ្ជីទូកនេសាទ និងការផ្តល់អាជ្ញាបណ្ណនេសាទផងដែរ៕