ប្រជាពលរដ្ឋដែលបានទៅទស្សនាកម្សាន្តនៅឧទ្យានសួនសត្វភ្នំតាម៉ៅ បានសម្តែងរីករាយដែលបានឃើញកូនដំរីលំផាត់ មានសុខភាពល្អ មានការយកចិត្តទុកដាក់ពីមន្ដ្រីជំនាញនៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងអង្គការដៃគូ។ លំផាត់បានទទួលការជួយសង្គ្រោះពីការជាប់អន្ទាក់ នៅក្បែទីស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តមណ្ឌលគិរី ហើយបានបញ្ជូនមកព្យាបាលនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ ក្រៅពីអាណិតលំផាត់ដែលរងរបួសជើង និងស្រឡាញ់លំផាត់ដែលជាកូនដំរីរពឹស ចេះប្រលែងលេងជាមួយហ្មដំរី ព្រមទាំងរួសរាយរាក់ទាក់ដាក់ភ្ញៀវ ប្រជាពលរដ្ឋក៏បានថ្លែងការកោតសរសើរ និងអរគុណដល់មន្ត្រីអភិរក្សសត្វនៅភ្នំតាម៉ៅ ដែលបានយកចិត្តទុកដាក់មើលថែ បីបាច់លំផាត់ និងសត្វផ្សេងៗទៀតបានយ៉ាងល្អប្រសើរ ដើម្បីរក្សាការពារសត្វទាំងនោះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ និងចូលរួមការពារថែរក្សាបន្តទៀត៕