នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្មខេត្ត លោកអែម សុខា អភិបាល នៃគណៈអភិបាលស្រុកថ្មពួក និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពការបង្កបង្កើនផលស្រូវប្រាំង និងបញ្ហានានារបស់ប្រជាកសិករ នៅភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយប្រជាកសិករបង្កបង្កើនផលស្រូវរដូវប្រាំង ស្តាប់អំពីស្ថានភាពស្រូវប្រាំង ដែលទទួលរងប៉ះពាល់ និងប្រឈមការខូចខាត ដោយសារ ការខ្វះខាតទឹក នៅចំនុច អាងស្រែល្អ ពេលបច្ចុប្បន្ន ទឹកបានរីងអស់ គ្មានប្រភពទឹកសម្រាប់បូមសង្គ្រោះបានឡើយ ដោយឆ្នាំនេះការបង្កបង្កើនផលស្រូវប្រាំងមានការកើនឡើង ធ្វើឱ្យការផ្គត់ផ្គង់ទឹកមានការខ្វះខាត។ ចំពោះដំណោះស្រាយ ទៅថ្ងៃអនាគត រាជរដ្ឋាភិបាលតាមរយៈគម្រោងគ្រប់គ្រង និងស្តារស្ទឹងស្វាយចេក គ្រោងនឹងស្តារអាងចំនួន៦កន្លែង ក្នុងនោះមាន១ស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មពួក នៅចុងឆ្នាំ២០២៥ និងការចងក្រងជាក្រុមផលិត សម្រាប់ផ្គត់ផ្គង់ស្រូវជូនរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់ប្រជាកសិករឱ្យយកចិត្តទុកដាក់ក្នុងការពិនិត្យមើលស្ថានភាពទឹកនៅជុំវិញតំបន់ដាំដុះរបស់ខ្លួនឱ្យបានច្បាស់លាស់ មុនសម្រេចចិត្តបង្កបង្កើនផលស្រូវប្រាំងលើកទីពីរ និងសូមស្ដាប់ការណែនាំ ឬសេចក្ដីជូនដំណឹងរបស់ក្រសួង មន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ដើម្បីកុំឱ្យមានការខាតបង់ដោយសារបញ្ហាផ្សេងៗ ជាពិសេស គឺការខ្វះខាតទឹកសម្រាប់ស្រោចស្រពដំណាំស្រូវជាដើម។
ជាចុងបញ្ចប់ ឯកឧត្តម ប្រាក់ ដាវីដ បានណែនាំឱ្យកសិករប្រើប្រាស់ពូជស្រូវ ដែលមានទីផ្សារស្រាប់ ដោយមានកិច្ចសន្យាទិញ-លក់ត្រឹមត្រូវ ដូចជា ពូជផ្ការំដួល សែនក្រអូប០១ និងស្រង៉ែស្រាលជាដើម ព្រោះពូជទាំងនេះ ជារបស់ខ្មែរ និងមានទីផ្សារច្បាស់លាស់។ លើសពីទៅទៀត ឯកឧត្តម ក៏បានណែនាំប្រជាកសិករឱ្យពិចារណា ក្នុងការចងក្រងគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប ដើម្បីដោះស្រាយបញ្ហាទាំងនេះ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់