នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន LX Korean Land and Geospatial Informatix Corporation តាមរយៈប្រព័ន្ធវីដេអូហ្សូម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រុមហ៊ុនកូរ៉េខាងលើបានធ្វើបទបង្ហាញអំពីសំណើគម្រោងដើម្បីស្នើសុំអនុសាសន៍ណែនាំបន្ថែមពីក្រសួង ធ្វើយ៉ាងណាឱ្យគោលបំណង និងសកម្មភាពអនុវត្តគម្រោងស្របតាមគោលនយោបាយអាទិភាពរបស់ក្រសួង។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនធ្វើការកែសម្រួលសំណើគម្រោងដើម្បីមានភាពបន្ស៊ីគ្នាជាមួយតម្រូវការជាក់ស្តែងរបស់សហគមន៍កសិកម្មទំនើប ព្រមទាំងធ្វើយ៉ាងណាឱ្យការបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងគម្រោងបានរួមចំណែកដល់ការពង្រឹងឌីជីថលភាវូបនីយកម្មដែលក្រសួងមានបំណងចង់សម្រេចបាន។
ចំពោះទិសដៅទៅមុខ ក្រសួងនឹងមានកិច្ចពិភាក្សាជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនដេីម្បីឈានទៅដល់ការរៀបចំគម្រោងស្របតាមគោលនយោបាយក្រសួង និងតម្រូវការជាក់ស្តែងរបស់ក្នុងវិស័យកសិកម្ម៕