នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយបានអញ្ជើញចូលរួមពីឯកឧត្តម កែ សួនសុភាព អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ លោក អែម សុខា អភិបាលស្រុក មន្ទីរពាក់ព័ន្ធ កងកម្លាំង អាជ្ញាធរឃុំ មន្ត្រីរាជការរដ្ឋបាលស្រុកថ្មពួក មន្រ្តីកសិកម្មឃុំ និងមន្ត្រីជំនួយការរដ្ឋបាលស្រុកនិងឃុំ សរុប១១៥នាក់។
បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់លោក អែម សុខា អភិបាល នៃគណៈអភិបាលស្រុកថ្មពួករួចមក ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងកោតសរសើរដល់មន្ត្រីរាជការ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះការងាររបស់ខ្លួន ព្រមទាំងការងារកសិកម្ម សន្តិសុខសង្គម និងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានរហ័ស និងទាន់ពេលវេលា។ ឯកឧត្ដម បានលើកទឹកចិត្តមន្ត្រីរាជការទាំងអស់ ត្រូវបន្តអនុវត្តការងារឱ្យកាន់តែល្អថែមទៀត ដើម្បីរក្សាសន្តិសុខមូលដ្ឋាន ការផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងតម្រង់ទិសការធ្វើកសិកម្មឱ្យស្របតាមតម្រូវការទីផ្សារ និងទទួលបានប្រាក់ចំណេញខ្ពស់។
បន្ថែមពីនេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានណែនាំឱ្យអង្គភាពពាក់ព័ន្ធ រៀបចំកែសម្រួលសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួកឡើងវិញ ដើម្បីជំរុញការងារកែតម្រូវទិន្នន័យខុសអត្រានុកូលដ្ឋានឱ្យរួចរាល់ក្នុងឆ្នាំ២០២៥នេះ ព្រមទាំងជំរុញនិងលើកទឹកចិត្តដល់ប្រជាកសិករឱ្យរួមគ្នាចងក្រងជាសហគមន៍ កសិម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងមានផែនការផលិតកម្មរួមច្បាស់លាស់ ជាពិសេសមានការគ្រប់គ្រងទៅតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ៕