នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកនៃគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ អមដោយមន្ត្រីជំនាញ នៃនាយកដ្ឋានផែនការ និងស្ថិតិ បានចូលរួមសិក្ខាសាលាស្តីពី «ការពិនិត្យលើសេចក្តីព្រាងសៀវភៅគោលការណ៍ណែនាំស្តីពីការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់ និងអន្តរជំនាន់ពហុមុខងារ » សិក្ខាសាលានេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងសង្គមកិច្ច ។
សិក្ខាសាលាប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការ តំណាងខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា។ គោលបំណងនៃសិក្ខាសាលាដើម្បីពិភាក្សា និងប្រមូលធាតុចូលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទៅលើការរៀបចំសៀវភៅគោលការណ៍ណែនាំស្តីពីការបង្កើត និងគ្រប់គ្រងសមាគម មនុស្សចាស់ និងអន្តរជំនាន់ពហុមុខងារ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព។
គួររំលឹកផងដែរថា រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ តាមអនុក្រឹត្យលេខ១៥៨ អនក្រ.បក ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១១ ដើម្បីលើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់ និងចូលរួមចំណែកអនុវត្តគោលនយោបាយជាតិកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល៕