នាល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមពិសារអាហារពេលល្ងាចជាមួយគណៈប្រតិភូវេទិកាថ្នាក់តំបន់ ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភសម្រាប់អនាគត នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីករាយចំពោះ លោក Jost KADEL អនុប្រធានបេសកកម្ម ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Max Bauman ទីប្រឹក្សាជាន់ខ្ពស់នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Bryan Formari ប្រធានកិច្ចសហប្រតិបត្តិការ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងៗទៀត ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលរួមពិសារអាហារពេលល្ងាចជាមួយគណៈប្រតិភូវេទិកាថ្នាក់តំបន់ ស្តីពីចីរភាពប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភសម្រាប់អនាគត។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាវេទិកានេះបង្កើតឡើងសម្រាប់ការសន្ទនា ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ នៅទូទាំងប្រទេសដែលមកពីតំបន់ផ្សេងៗគ្នាលើវិស័យកសិកម្ម ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។
នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជេីញអង្គពិធីទាំងមូល ចូលរួមកំសាន្តសប្បាយនូវបដិសណ្ឋារកិច្ចបែបប្រពៃណីខ្មែរ ទទួលទាននូវរសជាតិម្ហូបអាហាររបស់ខ្មែរ និងចូលរួមទស្សនាប្រាសាទអង្គរវត្ត ដែលជាទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសជាងនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមឱ្យដំណេីរទស្សនកិច្ចថ្នាក់តំបន់ក្នុងប្រទេសកម្ពុជានេះ ជាអនុស្សវរីយ៍មួយដ៏ល្អ និងចងចាំគ្រប់ពេលវេលាពីប្រទេសកម្ពុជា៕