នាព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ឃុន អេវ៉ារ៉ាត តំណាងស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាសហប្រធានគណៈកម្មការតម្រង់ទិស បានរួមគ្នាដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសនៃ "កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន ផ្នែកនេសាទ" (CAPFISH-Capture) លើកទី៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានវត្តមានអ្នកចូលរួមសរុបចំនួន៥៤នាក់។
គោលបំណងនៃកិច្ចប្រជុំនេះគឺផ្ដោតសំខាន់ទៅលើការត្រួតពិនិត្យលទ្ធផលនិងសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំ២០២៤ កន្លងមក ព្រមទាំងពិនិត្យនិងអនុម័តសម្រេចលើផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ។
កម្មវិធីនេះត្រូវបាននិងកំពុងអនុវត្តដោយរដ្ឋបាលជលផល ដោយមានកិច្ចសហការនិងគាំទ្របច្ចេកទេសពីអង្គការ FAO, UNESCO, UNIDO និងបណ្តាអង្គការ NGO
ចំនួន ៦ ផ្សេងទៀត រួមមានអង្គការ OXFAM, Aide et Action, WCS, Save the Children, Action Aid និង IUCN ។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តម ហាស់ សារ៉េត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប ដែលបានជួយគាំទ្រថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ការអនុវត្តកម្មវិធី CAPFISH-Program ដ៏មានសារៈសំខាន់ ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។
ឯកឧត្តមសហប្រធានក៏បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានជួយគាំទ្រនិងសហការជាមួយសហភាពអឺរ៉ុប ដើម្បីរៀបចំកម្មវិធី CAPFISH-Capture នេះដំណើរការបានដោយរលូនអស់រយៈពេល៥ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមសហប្រធានក៏បានកោតសរសើរដល់ក្រុមការងារនៃរដ្ឋបាលជលផល ដែលបានខិតខំអនុវត្តកម្មវិធី CAPFISH-Capture នេះ ដោយបានសហការជាមួយក្រុមទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ និងបណ្តាអង្គការនានា ទទួលបានជោគជ័យជាបន្តបន្ទាប់។
ឯកឧត្តម ហាស់ សារ៉េត ក៏បានជួយតម្រង់ទិស ចង្អុលបង្ហាញ និងបានលើកជាអនុសាសន៍ល្អៗមួយចំនួន ដើម្បីជំរុញការអនុវត្តសកម្មភាពកម្មវិធីនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដូចខាងក្រោម៖
ជាទីបញ្ចប់ ឯកឧត្តម ហាស់ សារ៉េត បានស្នើសុំតំណាងស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បន្តជួយគាំទ្រកម្មវិធីនេះនៅវគ្គទី២ នាពេលខាងមុខទៀត។