ស្រះទឹកដ៏ដំបង្គួរមួយ ស្ថិតនៅភូមិត្រញំងកក់ ឃុំជាងទង ស្រុកត្រាំកក់ តាកែវ ដែលស្ដាឡើងវិញក្រោម អំណោយរបស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម បានដាក់សម្ភោធកាលពីដើមសបា្ដរហ៍នេះ ក្រោមការចូលរួមដោយ ផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ដ្រី។
ស្រះទឹកនេះមានទំហំ ៤០ម៉ែត្រគុណនឹង ៤២ម៉ែត្រនិងជម្រៅ ម៉ែត្រ។ ស្រះទឹកនេះចំណាយថវិកាស្ដារជាង ២៣លាន រៀល ដែលផ្ដល់ជូនដោយឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម។ ស្រះនេះបានក្លាយជាចំណងដៃនាដំណាច់ឆ្នាំសាកល ២០១០។
ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដែលចូលរួមអបអរសាទរជាច្រើនរយនាក់ថា សមិទ្ធិផលនេះថ្មីត្បិតតែជាថវិកា របស់ឯកឧត្តម តែអាចសម្រេចបានក៏អាស្រ័យដោយមន្ដ្រីក្រុមការងាររបស់ឯកឧត្តម និងមានការចូលរួមពីប្រជាពលរដ្ឋ អាជ្ញាធរដែនដីផងដែរ។
ឯកឧត្តមបន្ដថា សម្រាប់រូបឯកឧត្តម ក្រុមការងាររបស់ឯកឧត្តម និងអ្នកភូមិទាំងអស់ គឺមិនបញ្ចប់ត្រឹមនេះទេ តែយើងត្រូវ រួមគ្នាធ្វើបន្ដទៀតដើម្បីអភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក និងជីវភាពគ្រួសាររបស់យើងៗ មានន័យថាត្រូវប្រយុទ្ធ និងភាពក្រីក្រហើយ បញ្ចប់វានៅត្រឹមយើងឱ្យបាន។
ដោយសម្លឹងទៅរកទីកន្លែងដទៃ ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដទៀតថា យើងត្រូវរួមគ្នាគិតគូរដោះស្រាយបញ្ហាទឹកនេះ អោយបានកាន់តែច្រើន សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ពិសេសការធ្វើកសិកម្ម ដែលជាប្រភពចំណូលរួមដ៏ធំរបស់កសិករ។ ឯកឧត្តម បានជំរុញអោយក្រុមការងារក្រុមប្រឹក្សាឃុំ យកចិត្ដទុកដាក់ក្នុងការថែមស្រះដែលមានស្រាប់ និងពិនិត្យទៅរកស្ដារឡើងវិញ និងការជីកស្រះបន្ថែម។
ឯកឧត្តម ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនផងដែរថា ក្រោយពេលច្រូតកាត់រួច គួរតែបង្វែរផ្ទៃដីមួយចំនួនទៅដាំដំណាំ ផ្សេងៗទៀតពោលជាដីចម្ការនាំផលិតផលកសិកម្មទៅផ្គត់ផ្គងទីផ្សារ។ កសិករគួរួមគ្នាបង្កើតជាសហគមន៍ដាំបន្លែសិរីរាង្គដែល ប្រការនេះនឹងធ្វើអោយកសិករទទួលបាននូវផលច្រើនពីការខិតខំរបស់ខ្លួន។ លោកបានបញ្ជាក់ថារូបលោកព្រមទាំងមន្ដ្រីក្រុមការងារ របស់លោកត្រៀមជួយជានិច្ច ប្រសិនកសិករត្រូវការឱ្យជួយទាំងស្មារតី បច្ចេកទេស។ល។