នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata Elephant Foundation) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរចំពោះសមាគមក្នុងការពិនិត្យលទ្ធភាពសហការធ្វេីការជាមួយគ្នាទាំងលក្ខណៈច្បាប់ និងលក្ខណៈបច្ចេកទេស ដើម្បីឱ្យមានភាពប្រសើរឡើងក្នុងការអភិរក្សដំរីស្រុកនៅកម្ពុជា។
នៅក្នុងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់សមាគមឱ្យគិតគូរផ្តោតសំខាន់លេីសុខុមាលភាពដំរីឱ្យបានល្អ ត្រូវមានផែនការច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាព និងគិតគូរអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ពូជ ដើម្បីបង្កើនបរិមាណនៃសត្វដំរីនេះ នៅក្នុងធម្មជាតិ។
ចំពោះការស្វែងរកការសហការផ្សេងៗ ឯកឧត្តមរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ក្រសួងនឹងជួយសមាគមលើផ្នែកបច្ចេកទេសនិងអ្នកជំនាញក្នុងការថែទាំ បង្កាត់ពូជ ព្រមទាំងជំរុញការផ្សព្វផ្សាយ និងលើកទឹកចិត្តគាំទ្រក្នុងការទាក់ទាញប្រជាជនអ្នកស្រឡាញ់ចូលចិត្តសត្វដំរី ឱ្យក្លាយជាសមាជិកកត្តិយសនៃសមាគមខ្មែរអៃរាវត្តា៕