នៅទីស្តីការក្រសួងកសិកម្មកាលពីរសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៣ នេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី នៅក្នុងកម្មវិធីផ្ទេរតំណែងនាយកវិទ្យាស្ថាន ស្រាវជ្រាវកៅស៊ូកម្ពុជា អ៊ី អ៊ែ សេ សេ IRCC ។
ឯកឧត្តម លី ផល្លា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គ នាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានរាយការណ៍ពីប្រវត្តិនៃការបង្កើតឡើងនាខែ កក្កដា ឆ្នាំ ១៩៥៥ ប៉ុន្តែក្នុងកំឡុង ឆ្នាំ ១៩៧០ ដល់ ១៩៧៩ ត្រូវអាក់ខានដំណើរការដោយសារសង្រ្គាម ។ រហូតមកដល់ឆ្នាំ ២០០៨ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យផ្ទេរវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ឲ្យស្ថិតនៅក្រោយអគ្គនាយដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ ។
បន្ទាប់ពីសេចក្តីរាយការណ៍ពីសំណាក់ឯកឧត្តម យិន សុង នាយកវិទ្យាស្ថានស្រាវ ជ្រាវកៅស៊ូកម្ពុជាដែលត្រូវចូលនិវត្តរួចមក ក៏មានអនុក្រឹត្យលេខ ១១០៦ អនក្រតត ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៣ បានសម្រេចតែងតាំង លោក ម៉ក់ សុភាវាសនា (MAK SOPHEAVEASNA) ជានាយកវិទ្យាស្ថានស្រាវ ជ្រាវកៅស៊ូកម្ពុជាជំនួសលោក យិន សុង ដែលត្រូវចូលនិវត្ត ។
បន្ទាប់ពីការប្រគល់ត្រា ប្រគល់អនុក្រឹត្យដល់ និងការ ប្តេជ្ញាចិត្តរបស់មន្ត្រីដែលទើបតែងតាំងថ្មីរួចមក ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ស្ងើចសរសើរ និង វាយតម្លៃខ្ពស់អំពីលទ្ធផលការងារ និងសមិទ្ធិផលដែលអគ្គនាយកដ្ឋានកៅស៊ូក៏ដូចជាវិទ្យាស្ថានស្រាវជ្រាវកៅស៊ូ កម្ពុជា IRCC សម្រេចបានកន្លងមកឆ្លើយតមទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គឺក្រៅពីដំណាំស្រូវគឺ ត្រូវជម្រុញឧស្សាហកម្មកៅស៊ូធម្មជាតិ ដែលបច្ចុប្បន្នកំពុងមានការកើនឡើងយ៉ាងឆាប់រហ័យ ។
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានចាត់ទុកការប្រកាសតែងតាំង ការសម្រួលភារៈកិច្ចមន្ត្រីរាជការគឺជារឿងធម្មតាដែលយើងទាំងអស់ គ្នាត្រូវតែអនុវត្ត ដោយអនុលោមទៅតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងក៏ក្នុងដំណើរការកំណែ ទម្រង់រចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងឲ្យបានប្រសើរឡើងថែមទៀត ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់ អនុសាសន៍មួយចំនួនក្នុងន័យតម្រង់ទិសវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា IRCC ក៏ដូចជាអគ្គនាយកដ្ឋានកៅស៊ូ សម្រចបានលទ្ធផលការងារទៅតាមផែនការដែលបានគ្រោងទុក ។