ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១០ ខែសីហា បានអញ្ជើញទៅពិនិត្យតំបន់រាំងស្ងួត និងជួបជាមួយប្រជាកសិករ ចំនួន១៣៦នាក់ នៅភូមិណាក់ត្រាច ឃុំទួលអម្ពិល និងពោធិចំរើន ស្រុកបរសេដ្ឋ ។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានចុះដល់វាលស្រែ ដែលទទួលរងភាពរាំងស្ងួត ដើម្បីមើលពីស្ថានភាព។ ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានកោតសរសើរដល់ប្រជា កសិករ ដែលកន្លងមកកសិករបានភ្ជួរដាស់ដី ចេះប្រើប្រាស់ទឹក ដោយសន្សំសំចៃចេះប្រើប្រាស់ចំគោលដៅ និងចេះប្រើប្រាស់ជី។
បន្ទាប់មកឯកឧត្ដម ក៏បានផ្ដល់ឱកាសឱ្យប្រជាកសិករឡើងមានមតិ ពីបញ្ហាលំបាកដែលបានជួបប្រទះមួយចំនួន នៅក្នុងរដូវបង្កបង្កើនផល មានដូចជាបញ្ហាទឹក ពូជ និងបច្ចេកទេសធ្វើឱ្យស្រូវទទួលបានទិន្នផលខ្ពស់ជាដើម ។
នៅទីនោះឯកឧត្ដមក៏បានផ្ដល់យោបល់មួយចំនួន ដែលក្នុងនោះបានអំពាវនាវ សូមឱ្យប្រជាជនប្ដូរទម្លាប់ចាស់ ហើយអនុវត្ដបច្ចេកទេសថ្មី។ ប្រើប្រាស់ដីឱ្យអស់លទ្ធភាពដោយធ្វើស្រែឱ្យបាន២ដងក្នុង១ឆ្នាំ (ដើមរដូវ និងរដូវវស្សា) និងផ្ទេរដីស្រែទៅជាដីចម្ការនៅចុងឆ្នាំ។ ដូរពូជៈ ពូជសុទ្ធប្រើបានតែ៣ឆ្នាំ ពូជកាន់តែសុទ្ធទិន្នផលកាន់តែខ្ពស់ ប្រើពូជស្រូវស្រាលមិនប្រកាន់រដូវ។ សំណាបគឺកុំស្ទូងសំណាបអាយុចាស់ព្រោះធ្វើឱ្យទិន្នផលចុះទាប សំណាបកាន់តែខ្ចី(អាយុក្រោម១៥ថ្ងៃ) កាន់តែខ្លាំង ។
ធ្វើដីមុនកុំធ្វើសំណាបមុន ។ ធ្វើដីរងចាំសំណាបជាជាងឱ្យសំណាបរង់ចាំដី (ទឹកភ្លៀង) សាបសំណាបជារងស្ពៃនៅក្បែរផ្ទះឬធ្វើធ្នើ ប្រើពូជតិច-ធ្វើរោងដាក់ជីសន្សំ និងប្រើប្រាស់ជីធម្មជាតិ ។ យកចិត្ដទុកដាក់ដីស្រទាប់ស្រទាប់លើវាជាអាយុជីវិតរបស់ស្រូវ ។ ការិយាល័យកសិកម្ម ស្រុកត្រូវចុះស្រង់ស្ថិតិស្រះទឹកក្នុងភូមិរួចចលនាប្រជាជនស្ដារឡើងវិញនូវស្រះទាំងអស់ដើម្បីបានទឹកផ្គត់ផ្គង់ប្រើប្រាស់។ឯកឧត្ដមរដ្ឋមន្ដ្រីសន្យានឹងផ្ដល់កូនត្រីឱ្យចិញ្ចឹមផងដែរ ៕