Other News
ពុកម៉ែបងប្អូនអាចជៀសបញ្ហាថ្លៃស្រូវ តាមការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ការដាំដុះពូជខ្មែរ និងការចុះកិច្ចសន្យាធានាថ្លៃទុកមុន។ ជាឧទាហរណ៍ ថ្មីៗនេះ សហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក នៅខេត្តកំពង់ធំ បានប្រមូលផលស្រូវសែនក្រអូប០១ ហើយលក់តាមកិច្ចសន្យាបាន ១២៨០៛ ក្នុងមួយគីឡូក្រាម ដែលចំណេញច្រើនជាងអ្នកដាំស្រូវអូរអឹមនៅក្រៅសហគមន៍រហូតដល់ ១ លានរៀលក្នុងមួយហិកតា។ ផលចំណេញនេះ គឺដោយសារការចំណាយដើមតិច តាមរយៈការរួមគ្នាប្រមូលទិញដុំគ្រាប់ពូជ ជី និងថ្នាំបានថោកជាងការទិញរាយជាលក្ខណៈគ្រួសារ និងការលក់ដោយតម្លៃធានាទុកមុនជិតទ្វេដងនៃស្រូវអូរអឹម។ ក្រសួង សូមអំពាវនាវឱ្យប្រជាកសិករទាំងអស់ ពិចារណាចូលរួមការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីអាចចុះកិច្ចសន្យាដាំដុះពូជយុទ្ធសាស្ត្រដោយមានការធានាតម្លៃទុកជាមុន និងបញ្ចៀសបញ្ហាតម្លៃទីផ្សារ៕