ជាមួយនឹងការសន្យាពីមុន ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ផ្តល់រង្វាន់ដល់កសិករជ័យលាភី ក្នុងការចិញ្ចឹមសត្វ នៅភូមិត្រពាំងក្រឡាញ់ ឃុំអូរសារ៉ាយ ស្រុកត្រាំកក់កាលពីចុងសប្តាហ៍នេះ។
កសិករគំរូជ័យលាភីលេខ១ បានទទួលមេគោពូជ១ក្បាល និងថវិកាចំនួន២០ម៉ឺនរៀល លេខ២ទទួលបានមេជ្រូកពូជ១ក្បាល និងថវិកាចំនួន១៥ម៉ឹនរៀល និងលេខ៣ទទួលបានមាន់ពូជ១០ក្បាល និងថវិកាចំនួន១០ម៉ឹនរៀល។ ចំណែកកសិករ ដែលចូលរួមចំនួនជាង៣០០គ្រួសារ ទទួលបានកូនឈើចំនួន២ដើមក្នុងម្នាក់ និងសារុងមួយ។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរចំពោះកសិករជ័យលាភី ដោយអំពាវនាវដល់កសិករដទៃទៀត ឲ្យចូលរួមកាន់តែច្រើនឡើងក្នុងវិស័យចិញ្ចឹមសត្វ។ ឯកឧត្តមបានបញ្ជាក់ថា អ្វីដែលកសិករជ័យលាភីទទួលបាននាពេលនេះ មិនត្រឹមតែជាកិត្តិយស សម្រាប់ខ្លួនឯង គ្រួសារប៉ុណ្ណោះទេ តែជាកិត្តិយស នៅក្នុងមូលដ្ឋានដែលត្រូវខិតខំបន្តទៀត។ ឯកឧត្តមក៏បានជំរុញដល់ក្រុមការងាររបស់ ឲ្យរៀបចំបន្តចលនាប្រឡងប្រណាំងចិញ្ចឹមសត្វនេះជារៀងរាល់ឆ្នាំ ប្រយោជន៍ដើម្បីតែទុកផ្គត់ផ្គង់គ្រួសារ ទៅជាការចិញ្ចឹមធ្វើពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា មានតែការផ្លាស់ប្តូរឥរិយាបថបែបនេះទេ ទើបជីវភាពរបស់ជីវភាព របស់កសិករមានការប្រែប្រូលឆាប់រហ័ស ហើយឈានទៅការកាត់បន្ថយភាពក្រីក្រ តាមអ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺបញ្ចប់ភាពក្រីក្រត្រឹមជំនាន់យើង។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឲ្យមន្ត្រី របស់ឯកឧត្តម រៀបចំនូវចលនាប្រឡងប្រណាំង ពីបន្ថែមទៀត គឺទី១ការអនុវត្តន៍ ប.វ.ស ឲ្យបានពីរដងក្នុង១ឆ្នាំ ដោយអនុវត្តន៍ពូជស្រូវ១០មុខ និងទី២ការដាំបន្លែ។ ឯកឧត្តមបន្តថា ការប្រឡងប្រណាំង នឹងនាំទៅដល់ការរីកចម្រើន។ ឯកឧត្តមក៏សំណូមពរ ដល់កសិករជ័យលាភីជួយផ្សព្វផ្សាយ ឬផ្ទេរពិសោធន៍របស់ខ្លួនទៅកាន់ កសិករដែលពុំទាន់ទទួលជោគជ័យ ក៏ត្រូវខិតខំទទួលយកនូវចំណេះដឹងថ្មី និងតាំងចិត្តព្យាយាមថែមទៀត។