នៅព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៦ នៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ”ក” ស្រុកពាមរក៍ ខេត្តព្រៃវែង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីក្នុងពិធីចែកកូនឈើជូនប្រជាពលរដ្ឋនៅសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន អ្នកលឿង ។ ចូលរួមក្នុងពិធីនោះមាន ឯកឧត្តម ម៉ុក ធារី អភិបាលរងខេត្តព្រៃវែង ដែលជាតំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម អស់លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអាជ្ញាធរមូលដ្ឋាន ប្រជាជន យុវជនកាយរិទ្ធិនិងសិស្សានុសិស្សសរុបប្រមាណជាង ៤០០នាក់។
មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋហើយនិងគូសបញ្ជាក់ពីគោលនយោបាយកំណែនទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងធនធានធម្មជាតិក្នុងនោះមានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។ ចំពោះព្រៃឈើគឺមានកម្មវិធីដាំឈើដែលរួមបញ្ចូលនូវការលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមក្នុងការដាំដើមឈើ ដើម្បីលើកស្ទួយជីវភាពសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ រក្សាលំនឹងបរិស្ថាន និយ័តភាពប្រភពទឹក និងកាត់បន្ថយការឡើងកំដៅនៃភពផែនដីជាដើម។ អនុវត្តនូវកម្មវិធីនេះ យើងមានថ្នាល សួនបណ្តុះកូនឈើ (ដើមឈើព្រៃ និងដើមឈើហូបផ្លែ) ចំនួន ៦២ នៅទូទាំងប្រទេសដែលផលិតកូនឈើបាន ៩២ លានដើម ដើម្បីយកទៅដាំដុះនិងចែកជូនប្រជាជនដាំដុះ។ ដោយឡែកសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន អ្នកលឿង នេះផលិតកូនឈើ (រួមនឹងកូនឈើហូបផ្លែ) ចំនួន ២២៥០០០ដើម/ឆ្នាំ គិតចាប់ពីឆ្នាំ ២០០៦ មកទល់ពេលនេះបានចែកជូនប្រជាជនដាំដុះបាន២,១លានដើម។
ការចែកកូនឈើថ្ងៃនេះទៀតសោតគឺជាការឆ្លុះបញ្ចាំងពីស្មារតីខាងលើ និងក៏ជាការបំផុសស្មារតីរុក្ខទិវា ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៦ ខាងមុខ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។ វត្តមានរបស់ប្រជាជន និងការចែកកូនឈើនាពេលនេះគឺបង្ហាញពីស្មារតីចូលរួមដាំដើមឈើបង្កើតគម្របនិងទេសភាពបៃតង ដើម្បីតុល្យភាពបរិស្ថាន រក្សានិយ័តភាពប្រភពទឹក និងចូលរួមកាត់បន្ថយកំដៅភពផែនដី ។ល។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
១) តម្រូវការនៃកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើការដាំដើមឈើគ្រប់ប្រភេទលើដីទំនេរ សាលារៀន វត្តអារាម ភូមិដ្ឋាន...។ ធ្វើការអប់រំ និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ និងដើមត្នោតដែលជាអត្តសញ្ញាណជាតិផងដែរ។
២) ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ ត្រូវបង្កើតថ្នាលបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋធ្វើការដាំដុះ។
៣) អប់រំបណ្តុះបណ្តាលប្រជាពលរដ្ឋនូវការធ្វើប្រពលវប្បកម្ម និងពិពិធកម្មកសិកម្ម ការធ្វើវារីវប្បកម្ម និងចិញ្ចឹមសត្វ ដោយលើកស្ទួយឲ្យមានការចូលរួមពីផ្នែកឯកជន ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការកាប់រានព្រៃឈើ។
៤) រដ្ឋបាលព្រៃឈើត្រូវពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត អាជ្ញាធរមូលដ្ឋាន ទប់ស្កាត់បទល្មើសព្រៃឈើ ជលផល និងការដឹកជញ្ជូនសត្វ និងផលិតផលមានដើមកំណើតពីសត្វ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យខិតខំជំរុញការងារបង្កបង្កើនផលកសិកម្មគ្រប់មុខដំណាំក្នុងរដូវវស្សានេះ ដោយយកចិត្តទុកដាក់ដល់ការគ្រប់គ្រងថែរក្សាទឹកទុកប្រើប្រាស់ និងស្រោចស្រពឲ្យបានដល់ចុងរដូវ ក៏ដូចជាការរាតត្បាតកត្តាចង្រៃលើដំណាំកសិកម្ម ជាពិសេសនាពេលថ្មីៗនេះនូវការរាតត្បាតដោយដង្កូវហ្វូង ដែលសូមប្រជាកសិកររាយការណ៍ជូនមន្ត្រីកសិកម្មនៅជិតបំផុត ដើម្បីចាត់វិធានការទាន់ពេលវេលា។
នៅទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានចែកកូនឈើ និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋ យុវជនកាយរិទ្ធ និងសិស្សានុសិស្ស។