ស្រះទឹកសហគមន៍ ដ៏ធំបង្គួរមួយ នៅភូមិព្រៃដំរី ឃុំអង្គតាសោម ស្រុកត្រាំកក់ ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ ដោយឯកឧត្តមបណ្ដិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលជាម្ចាស់អំណោយ កាលពីពេលថ្មីៗនេះ។ ជាមួយនឹងការសម្ពោធនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យកសិករ ប្តូរទម្លាប់ក្នុងការចិញ្ចឹមសត្វ និងការធ្វើកសិកម្ម។
ស្រះទឹកដែលសម្ពោធនោះមានទំហំ ៤០ម៉ែត្រគុណនឹង៤០ម៉ែត្រ ជម្រៅ៣ម៉ែត្រ។ ស្រះទឹកនេះ នឹងក្លាយជាប្រភពទឹក សម្រាប់អ្នកភូមិ ក្នុងតំបន់នោះ ខណៈដែលរដូវភ្លៀងបានចាប់ផ្តើម។ នៅចំពោះមុខកសិករ ជាង៤០០នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឲ្យកសិករ ដូរទម្លាប់ ក្នុងការចិញ្ចឹមសត្វ ពោលគឺពីការចិញ្ចឹមបែបយថាផល ដោយមិនមានការថែទាំដិតដល់ ការលែងឲ្យដើរពាសវាលពាសកាល ទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្ម ចិញ្ចឹមដោយការថែទាំទឹកចំណី និងដាក់កក្រាលត្រឹមត្រូវ និងជ្រើសរើសពូជ ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ឯកឧត្តម ពន្យល់ថាពីសារសំខាន់ នៃការចិញ្ចឹមសត្វដាក់ទ្រុង និងជ្រើសរើសពូជថា ការចិញ្ចឹមសត្វដាក់ទ្រុង អាចចៀសវាងបាននូវការឆ្លងជំងឺនានា អាចទទួលបាននូវការផ្តល់ចំណីទឹកបានគ្រប់គ្រាន់ និងមានអនាម័យ ។ ការជ្រើសរើសពូជ ដែលមានគុណភាព គឺអាចយើងយកលក់ទៅបានតម្លៃខ្ពស់។ ឯកឧត្តម បានបញ្ជាក់ថាការចិញ្ចឹម ត្រូវតែចាត់ទុកវាដូចជាសមាជិកគ្រសារ ទើបទទួលបាននូវការថែទាំល្អ។បាន។
ការថែទាំល្អធ្វើឲ្យសត្វមានសុខភាពល្អនិងឆាប់ធំធាត់។ ជាមួយគ្នានេះឯកឧត្តម ក៏ជំរុញឲ្យកសិករប្តូរទម្លាប់ ក្នុងការធ្វើស្រេនិងដាំដំណាំផងដែរ គឺត្រូវតែធ្វើដើម្បីលក់ និងធ្វើដោយប្រើបច្ចេកទេសថ្មី និងជ្រើសរើសពូជ។ ឯកឧត្តមបានស្នើមន្ត្រីក្រុមការងាររបស់ឯកឧត្តម និងអ្នកជំនាញកសិកម្ម ចុះជួយបង្ហាត់បង្រៀនប្រជាជនអំពីបច្ចេកទេសទាំងនោះ។ ព្រមទាំងដឹកនាំកសិករ ទៅធ្វើការដកពិសោធន៍ជាមួយកសិករគំរូ ដែលទទួលជោគជ័យក្នុងការងារកសិកម្ម។