នៅទីស្តីការក្រសួងកសិកម្មថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអញ្ជើញជាអធិបតិកិច្ចប្រជុំបូកសរុបបឋមការងារបង្កបង្កើនផលរដូវវស្សា ឆ្នាំ២០១៣ ព្យាករណ៍ការងារបង្កបង្កើនផលរដូវប្រាំងឆ្នាំ២០១៣-២០១៤ និងព្យាករណ៍តុល្យភាពស្បៀងជំហានដំបូងសម្រាប់ឆ្នាំ២០១៤។
បន្ទាប់ពី លោក ហុង ណារិត ប្រធាននាយកដ្ឋានផែនការ-ស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួចមកក៏មានសេចក្តីរាយការណ៍ ជាបន្តបន្ទាប់ របស់មន្ទីរកសិកម្មរាជធានី-ខេត្តអំពីសភាពការណ៍ជាក់ស្តែងការងារដកស្ទូងតាមបណ្តាខេត្តនីមួយៗ គឺជារួមក្នុងឆ្នាំ២០១៣នេះ ស្ថានភាពទឹកភ្លៀងបានចាប់ផ្តើមធ្លាក់ ពីដើមរដូវវស្សាផ្តល់លទ្ធភាពដល់ប្រជាកសិករបានដំណើរការល្អពីដើមរដូវ។
ដោយឡែកនៅក្នុងរដូវវស្សានេះដែរ ប្រជាកសិករក៏បានជួបនូវគ្រោះធម្មជាតិរាំងស្ងួត និងទឹកជំនន់គឺមានខេត្តចំនួន៥ជួបប្រទះនូវបញ្ហាកង្វះខាតទឹក រីឯខេត្តមួយចំនួនទៀត ជួបប្រទះនូវទឹកជំនន់ទឹកភ្លៀងផង និងទឹកជំនន់ទន្លេមេគង្គ ថែមទៀតហើយស្ថានភាពនៃអាកាសធាតុបែបនេះ បានបណ្តាលឱ្យប៉ះពាល់ដល់ការលូតលាស់ដំណាំស្រូវ និងបង្កការខូតខាតទាំងដំណាំស្រូវនិងដំណាំកសិកម្មដទៃទៀត។
អង្គប្រជុំ បានធ្វើការសន្និដ្ឋានថាថ្វីត្បិតតែការងារបង្កបង្កើនផល រដូវវស្សាឆ្នាំ២០១៣ បានជួបប្រទះឥទ្ធិពលអវិជ្ជមាន ដោយគ្រោះធម្មជាតិក៏ដោយ ប៉ុន្តែដោយសារការខិតខំ របស់ប្រជាកសិកររួម ជាមួយការជួយគាំទ្រឧបត្ថម្ភនិងអន្តរាគមន៍ ពីរាជរដ្ឋាភិបាល-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ-ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន យើងនៅតែទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។
ឯកឧត្តមបណ្ឌិតអ៊ុករ៉ាប៊ុនមានប្រសាសន៍ស្ងើចសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់មន្ត្រី-រាជការគ្រប់លំដាប់ថ្នាក់នៅលើសមរភូមិបង្កបង្កើនផលរដូវវស្សានៅក្នុងស្ថានភាពដែលប្រជាកសិករជួបប្រទះនូវគ្រោះធម្មជាតិដែលមានលក្ខណៈបម្រែបម្រួលអាកាសធាតុពីមួយឆ្នាំទៅមួយឆ្នាំ។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានដាក់ចេញនូវវិធានការមួយចំនួនសម្រាប់អនុវត្តបន្តជាអាទិ៍៖បន្តជួយដល់ប្រជាកសិករនៅក្នុងការងារប្រមូលផលស្រូវរដូវវស្សាចៀសវៀងការបាត់បង់ច្រើននៅក្នុងការច្រូតកាត់ប្រមូលផល-ជំរុញការងារបង្កបង្កើនផលស្រូវរដូវប្រាំងឱ្យសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក-ជំរុញណែនាំកសិករអំពីការទុកដាក់រក្សាពូជនិងជំរុញចលនាការអនុវត្តបច្ចេកទេសប្រពលវប្បកម្មរួមជាមួយការតាមដាននិងអន្តរាគមន៍ការផ្ទុះរាលដាលដោយសត្វល្អិតនិងជំងឺបំផ្លាញដំណាំស្រូវនិងដំណាំកសិកម្មដទៃទៀតនិងបន្តតាមដានចលនានាំស្រូវចេញនិងតម្លៃស្រូវតាមច្រកព្រំដែន។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការបូកសរុបលទ្ធផលនៃកិច្ចប្រជុំនិងលើកឡើងនូវលទ្ធផលដូចខាងក្រោមនេះស្រូវរដូវវស្សាអនុវត្តបាន២៥៦៧៧៦២ហិកតាគឺស្មើនឹង១០៧,០១ភាគរយនៃផែនការ២៣៩៩៦៣៧ហិកតា-ស្រូវរដូវប្រាំងអនុវត្តបាន៤៧២៤៨៣ហិកតាគឺស្មើនឹង១២៣,១៦ភាគរយនៃផែនការ៣៨៣៦៤០ហិកតា-បរិមាណផលស្រូវទទួលបានសរុប៩៣៤០៣៩០តោនរីឯការគណនាតុល្យភាពស្បៀងសម្រាប់ឆ្នាំ២០១៤នេះគឺស្រូវនៅសល់ប្រមាណ៤៧៨៥៧០៥តោន៕