នៅព្រឹក ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះជួប និងសំណេះសំណាល ព្រមទាំងចែកស្រូវពូជផ្ការំដួលជូនប្រជាកសិករ ចំនួន ៣៣២ គ្រួសារដែលអញ្ជើញមកពីស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះដែររួមមានៈ ឯកឧត្តមអភិបាលខេត្តរង ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីរាជការមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និង អាជ្ញាធរមូលដ្ឋាន។
ថ្លែងទៅកាន់ប្រជាកសិករយើង ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគោលបំណងនៃការចែកស្រូវពូជផ្ការំដួលជូនកសិករ គឺដើម្បីចែករំលែកជួយដល់កសិករ និងសំខាន់គឺចង់ឲ្យកសិករយើងមានពូជសុទ្ធល្អ មានគុណភាពខ្ពស់ និងស្របតាមតម្រូវការទីផ្សារ ហើយនិងប្រកបដោយផលិតភាពខ្ពស់។ ការដាំដុះពូជសុទ្ធប្រភេទផ្ការំដួលដែលចែកជូននាពេលនេះគឺនឹងរួមចំណែកដល់ការអនុវត្តគោលនយោបាយជំរុញផលិតកម្មស្រូវ និងនាំចេញអង្កររបស់រាជរដ្ឋាភិបាលពោលគឺបង្កើនការផលិត និងនាំចេញអង្ករ ស្របតាមតម្រូវការទីផ្សារពិភពលោក។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអំពីការគិតគូររបស់ក្រសួងក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្រ្ត ក្នុងន័យធានាបាននូវលទ្ធភាពទឹកស្រោចស្រពប្រកបដោយនិរន្តរភាពសម្រាប់បំពេញតម្រូវការផលិតកម្មកសិកម្ម។
បន្ទាប់ពីកម្មវិធីសំណេះសំណាល និងចែកស្រូវពូជរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូសហការីបានបន្តដំណើរជួបសំណេះសំណាលជាមួយកសិករឈ្មោះ វួន អ៊ុល ដែលប្រកបរបរធ្វើស្រែ និងចិញ្ចឹមសត្វនៅភូមិស្រែព្រិច ឃុំទឹកផុស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ តាមរយៈការសំណេះសំណាល បានឲ្យដឹងថាគ្រួសារកសិករ វួន អ៊ុល ធ្វើស្រែលើដី ២ហិកតា និងចិញ្ចឹមគោ ២ក្បាល ដើម្បីចិញ្ចឹមជីវិត។ ពួកគាត់សង្ឃឹមថាប្រសិនបើមានប្រភពទឹកគ្រប់គ្រាន់ ទាំងប្រាំង និងវស្សានោះជីវភាពនឹងកាន់តែល្អប្រសើរ។
នៅព្រឹកថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីក៏បានបន្តដំណើរជួបសំណេះសំណាល និងចែកពូជស្រូវផ្ការំដួលជូនប្រជាកសិករចំនួន ១១២គ្រួសារ ស្ថិតនៅ ភូមិអណ្តូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់នៅសេដ្ឋកិច្ចសង្គមកម្ពុជាកំពុងមានការឈានឡើង ជាក់ស្តែងប្រជាពលរដ្ឋ បានកែប្រែពីការធ្វើស្រែដោយកម្លាំងពលកម្ម មកប្រើប្រាស់គ្រឿងយន្តប្រមាណ ៨០ ទៅ ៩០ ភាគរយបើយោងតាមសេចក្តីរាយការណ៍របស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង។ ទាំងនេះសបញ្ជាក់ពីការរីកចម្រើនទាំងជីវភាព និងចំណេះដឹងក្នុងការប្រកបរបរកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថាការចែកស្រូវពូជនៅពេលនេះគឺជាចូលរួមចំណែករបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់សកម្មភាពបង្កបង្កើនផលរបស់កសិករ ដោយឡែកកត្តាសំខាន់ដែលជួយជំរុញជីវភាពរបស់កសិករពិតប្រាកដគឺកើតចេញពីការខិតខំប្រឹងប្រែងច្នៃប្រឌិត និងអភិវឌ្ឍន៍ដោយខ្លួនឯងប៉ុណ្ណោះទើបជាការប្រសើរ៕