ឯកឧត្ដមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ដល់កសិករថា នៅពេលដែលយើងមានទឹកគឺ នឹងមានចំណូល សម្រាប់គ្រួសារ ដូចនេះត្រូវតែប្រើប្រាស់ទឹក ឱ្យមានប្រសិទ្ធភាព ។ ស្រះទឹកសហគមន៏ ស្ថិតនៅភូមិឫស្សីមួយគុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ បានសម្ភោធ កាលពីដើមសប្ដាហ៏នេះ។ ស្រះនេះមានទំហំ៥០ម៉ែត្រគុណនឹង៧០ម៉ែត្រ និងជម្រៅ៣ម៉ែត្រ ដែលចំណាយស្ដារឡើងវិញអស់ទឹកប្រាក់ចំនួន៤២លានរៀល ដោយថវិការបស់ឯកឧត្ដមរដ្ឋមន្ដ្រី ក្រសួងកសិកម្ម។
ឯកឧត្ដមរដ្ឋមន្ដ្រី ដែលមានវត្ដមាននៅក្នុងពិធីនេះ បានប្រាប់ដល់អ្នកចូលរួមជាច្រើនរយនាក់ថា ការបង្កើតឱ្យមានប្រភពទឹក នៅក្នុងមូលដ្ឋាន គឺជាមហិច្ឆតារបស់ឯកឧត្ដម ក៏ដូចជាគោលនយោបាយ របស់ក្រសួងកសិកម្មផងដែរ ។ ឯកឧត្ដមបញ្ជាក់ថា “ មានទឹក គឺមានប្រាក់។ មានទឹកយើងអាចប្រែ ក្លាយទៅជាប្រភពចំណូលតាមរយៈ នៃការធ្វើកសិកម្មផ្សេងៗ តាមដែលអាចធ្វើទៅបាន។
កសិករអាចដាំដំណាំ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី។ល។ មានទឹកត្រូវមានត្រីហូប។ មានដី ត្រូវមានដំណាំគ្រប់មុខ ដោយការប្រើប្រាស់ទឹក ដែលយើងមាន ។ ឯកឧត្ដមបន្ដទៀតថា គ្រប់គ្នាត្រូវយកចិត្ដទុកដាក់គិតគូរ លើបញ្ហាទឹកជាសំខាន់ ព្រោះអនាគតយើងប្រឈមនឹងការខ្វះទឹក។ ដូចនេះប្រើប្រាស់ទឹក ប្រកបដោយសន្សំសំចៃចំទិសដៅ និងមានប្រសិទ្ធភាព ។
អូរសារាយជាឃុំមួយ ដែលមានការអភិវឌ្ឍន៏បង្គួរ ដោយសារតែប្រជាជនទីនេះ មានការកែប្រែទម្លាប់ជាច្រើន ក្នុងការធ្វើកសិកម្ម និងការបង្កើតមុខរបរផ្សេងទៀតនៅក្បែរផ្ទះ។ ឯកឧត្ដមរដ្ឋមន្ដ្រី បានបន្ដថា ការមានទឹក ហើយក៏ចាំបាច់ផងដែរ ក្នុងការគ្រប់គ្រងទឹក និងប្រើប្រាស់ទឹកឱ្យបានល្អ។ ការជីកស្រះ ការធ្វើអាង គឺទិសដៅគ្រប់គ្រងទឹកនេះឯង។ ឯកឧត្ដមបានរំលឹកឱ្យកសិកររួមគ្នា ថែរក្សាស្រះទឹកនេះ ឱ្យបានល្អជាមួយ នឹងការធ្វើអនាម័យការដាំដើមឈើ ដើម្បីឱ្យទីនេះក្លាយជាកន្លែងធម្មជាតិមួយប្រកបដោយសុខដុម៕