ចាប់ពីថ្ងៃទី ២១ ដល់ ២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ ឯកឧត្តម មាស ពិសិដ្ឋ ឯកឧត្តម ជា ឆេង និង ឯកឧត្តម សាយ សុភភោគា រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី និងតំណាងសហគ្រាសធុនតូច និងមធ្យម សរុបចំនួន ១៥ នាក់ ធ្វើទស្សនកិច្ចសិក្សានៅរដ្ឋ Hamburg និងក្រុង Dissen នៃប្រទេសអាល្លឺម៉ង់ ដើម្បីស្វែងរកនិងលទ្ធភាពនាំចេញផលិតផលកសិកម្ម ដោយផ្តោតជាពិសេសលើការ ៖១ ) បង្កើនចំណាប់អារម្មណ៍ និងចំណេះដឹងអំពីការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ និងទីផ្សារនៃផលិតផលកសិកម្ម និង ២) ភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយវិនិយោគិនអាល្លឺម៉ង់។
បន្ថែមលើការជួប និងពិភាក្សាជាមួយអ្នកដឹកនាំ និងមន្ត្រីសភាពាណិជ្ជកម្មនៃរដ្ឋ Hamburg ក្រុមការងារបានជួប និងពិភាក្សាជាមួយអ្នកដឹកនាំ ព្រមទាំងបានទស្សនាប្រព័ន្ធគ្រប់គ្រង កែច្នៃ វេចខ្ចប់ និងលក់ផលិតផលកសិកម្ម របស់ក្រុមហ៊ុនល្បីឈ្មោះមួយចំនួន ដូចជា ក្រុមហ៊ុន Fuchs, Worlée, ATCO និង METRO ហើយបានស្វែងយល់អំពីអំពីបច្ចេកវិទ្យា លក្ខខណ្ឌតម្រូវ និងការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុន ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ ក៏ដូចជាសហភាពអឺរ៉ុប អំពីគុណភាព និងសុវត្ថិភាពនៃចំណីអាហារ ។ ថ្នាក់ដឹកនាំ និងមន្ត្រីនៃសភាពាណិជ្ជកម្ម និងក្រុមហ៊ុនខាងលើក៏បានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់អំពីផលិតផលកសិកម្មកម្ពុជា ដែលមានសក្តានុពលខ្ពស់ ដូចជាអង្ករ ម្រេច ស្វាយចន្ទី និងស្វាយជាដើម ហើយបានលើកឡើងថានឹងសិក្សាបន្ថែម រួចទាក់ទងភាគីពាក់ព័ន្ធនៅកម្ពុជា ដើម្បីរកលទ្ធភាពនាំចូលទៅកាន់ប្រទេសអាល្លឺម៉ង់។
គួរបញ្ជាក់ថាទស្សនកិច្ចសិក្សា ដែលបានសម្របសម្រួលដោយក្រុមហ៊ុនពិគ្រោះយោបល់ SETHI នេះ ត្រូវបានធ្វើឡើងក្នុងក្របខណ្ឌនៃកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and agricultural Trade, ASPIRE-AT) ក្រោមការគាំទ្រថវិកា និងបច្ចេកទេស ជាជំនួយពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) សហភាពអឺរ៉ុប (EU) ធនាគារវិនិយោគអឺរ៉ុប (EIB) មូលនិធិបរិស្ថានសាកល (GCF) និងអង្គការសហប្រតិបត្តិការត្រីកោណ ត្បូង-ត្បូង (SSTC)៕