នារសៀលម៉ោង ២រសៀល ថ្ងៃសុក្រទី ០៨ ខែកក្កដា ក្នុងឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួង កសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពងខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងផ្ទេរតំណែង ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែងដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត និងអស់លោក លោកស្រីជាមន្ត្រីក្រោមឱវាទក្រសួង។
លោក លៀង សេង ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែងថ្មីបានមានប្រសាសន៍ថាថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្តដែលបានផ្តល់សេចក្ដីទុកចិត្ត និងតែងតាំងប្រគល់តួនាទី និងភារកិច្ចជាប្រធានមន្ទីរដល់រូបលោក ។ តបស្នងចំពោះទំនុកចិត្តរបស់ថ្នាក់ដឹកនាំ ប្រធានមន្ទីរថ្មីបានធ្វើការប្ដេជ្ញាចិត្តខិតខំអស់សមត្ថភាពចូលរួមអនុវត្ដតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ។ គោរព និងអនុវត្តតាមភារកិច្ចដែលក្រសួង និងខេត្ដប្រគល់ឲ្យ ហើយនិងរក្សាសាមគ្គីភាព សហការ ទំនាក់ទំនងល្អជាមួយមន្ត្រី និងអង្គភាព ស្ថាប័ននានា ជាដើម។
មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថាការតែងតាំង និងផ្ទេរតំណែងជូនមន្ត្រីរាជការ គឺជាដំណើរប្រព្រឹត្តិជាធម្មតានៃការគ្រប់គ្រង និងដឹកនាំរបស់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ស្របទៅតាមតម្រូវការចាំបាច់នៃកំណែទម្រង់ស្ថាប័ន ការរីកចម្រើននៃសមត្ថភាពមន្ត្រីរាជការបន្តវេន និងការរីកចម្រើននៃសេដ្ឋកិច្ច ទៅតាមដំណាក់កាលនិមួយៗ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ដ ដែលបានលើកសំណើក្នុងការតែងតាំងលោកប្រធានមន្ទីរកសិកម្មថ្មី ហើយនិងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ និងស្នាដៃរបស់លោកប្រធានមន្ទីរកសិកម្មចាស់ក្នុងរយៈពេលជិត ១២ឆ្នាំ មកនេះ ក្រោមការជួយឧបត្ថម្ភ និងសហការពីគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ទីរ អង្គភាពនានាក្រោមឱវាទខេត្ត។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីស្នូលយុទ្ធសាស្ត្រនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជាកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើវិស័យកសិកម្ម ផងដែរ។
ឆ្នៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានណែនាំនូវចំណុចមួយចំនួនសម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ គួរប្រកាន់យកដើម្បីជាថ្នាក់ដឹកនាំល្អ ជាគំរូនៃមន្ត្រីថ្នាក់ក្រោម រួមមានៈ គោរពនិងស្មោះត្រង់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានគំនិតច្នៃប្រឌិត ពុះពារហ៊ានប្រឈមនឹងបញ្ហា រក្សាបានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ ចេះយល់សុខទុក្ខមន្ត្រីថ្នាក់ក្រោមដោយផ្តល់យុត្តិធម៌ និងកិត្តិយស ការលើកទឹកចិត្ត និងផ្តល់រង្វាន់ដោយភាពសុក្រិត។ បន្ថែមលើនេះ ត្រូវប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ និងត្រូវចេះរកការងារឲ្យមន្ត្រីធ្វើ មិនលាបពណ៌គ្នា ហើយនិងមិនធ្វើជាខ្នងបង្អែកឲ្យឈ្មួញខិលខូច ឬបក្សពួកខ្លួន ។
សម្រាប់ប្រធានមន្ទីរកសិកម្មថ្មី ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធនៃខេត្ត និងការណែនាំរបស់គណៈអភិបាលខេត្ត ក្នុងការបំពេញភារកិច្ចជួយដល់កសិករ ជាអាទិ៍:
-ចុះដល់មូលដ្ឋានជំរុញការងារបង្កបង្កើនផល និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ។ ត្រៀមអន្តរាគមន៍ជួយកសិករ ដោយផ្តល់សេវា និងសម្ភារៈកសិកម្មប្រកបដោយប្រសិទ្ធភាព។
-ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបការនាំចូលសត្វ និងសាច់សត្វខូចគុណភាព និងខុសច្បាប់ ក៏ដូចជាសំភារៈកសិកម្ម ។
-ត្រូវរៀបចំថវិកា និងមន្ត្រីគ្រប់គ្រាន់សម្រាប់អន្តរាគមន៍ជួយកសិករ។
-ត្រូវខិតខំផ្តល់សេវា និងរចនាសម្ព័ន្ធចាំបាច់ជូនប្រជាកសិករ និងជួយគិតគូអំពីទីផ្សារជូនកសិករ ដោយបំផុសគំនិតការធ្វើកសិកម្មចម្រុះ នៅក្នុងសហគមន៍កសិកម្ម។
-ត្រូវខិតខំរៀបចំថវិកាកម្មវិធីពេញលេញ សម្រាប់អនុវត្តផែនការសកម្មភាពក្រសួងឆ្នាំ២០១៧។
-ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីនៃមន្ទីរត្រូវគោរពតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំពូកទី៥ ពីមាត្រា ៣៣ ដល់មាត្រា ៣៨ ។
-ការិយាល័យជំនាញអនុវត្តភារកិច្ចដោយទទួលខុសត្រូវ និងតាមឋានានុក្រមនៃដំណើរប្រព្រឹត្តិទៅរបស់មន្ទីរ ៕