នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលកសិ-ស្បៀងអាហារតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅសាធារណរដ្ឋសិង្ហបុរី។
ក្នុងឱកាសកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចពីសក្តានុពលកសិផលយុទ្ធសាស្ត្ររបស់កម្ពុជារួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទី ស្វាយ ម្រេច និងដំឡូងមី ព្រមទាំងឱកាសនៃការវិនិយោគខ្ពស់លើខ្សែច្រវាក់ផលិតកម្ម សំដៅផ្តល់តម្លៃបន្ថែមកសិផលសក្កានុពលកម្ពុជា និងជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល ដើម្បីជំរុញស្ថិរភាពនៃការផ្គត់ផ្គង់កសិផល និងបង្កើនទំហំកសិពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងស្របតាមស្តង់ដាទីផ្សារ តាមរយៈការផ្សារភ្ជាប់ជាមួយសហគមន៍កសិកម្មទំនើប និងគោលនយោបាយលើកទឹកចិត្តនានា សំដៅទាក់ទាញ និងការពារទុនវិនិយោគបរទេសឱ្យទទួលបានផលចំណេញ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕