នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញចុះទៅស្រុកមួយចំនួន ក្នុងខេត្តមណ្ឌលគិរី ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តចុះពិនិត្យការងារកសិកម្ម និងដំណាំឧស្សាហកម្ម នៅស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមអមដំណើរ ពីលោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងមន្រ្តីជំនាញ រួមទាំងប្រជាពលរដ្ឋម្ចាស់ចម្ការ។
នាដំណើរបេសសកម្មនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយប្រជាកសិករដែលបានចូលជាសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ សហគមន៍កសិកម្មអភិរក្សពញាក្រែក និងតំបែរ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបានរបស់សហគមន៍ទាំង២ ដោយបានរួមចំណែកដល់ខេត្តត្បូងឃ្មុំ នូវវឌ្ឍនភាពលើដំណាំស្វាយចន្ទី ម្រេច និងដំឡូងមី គួរឱ្យកត់សម្គាល់។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់កសិករឱ្យយកចិត្តទុកដាក់ក្នុងការពិនិត្យលទ្ធភាពដាំដុះដំណាំដែលសមស្របនឹងក្សេត្របរិស្ថាន ហើយគួរស្វែងរកទីផ្សារឱ្យបានសិន មុននឹងសម្រចចិត្តធ្វើផលិតកម្មដំណាំអ្វីមួយ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំឱ្យកសិករប្រើប្រាស់ពូជស្វាយចន្ទីដែលបានចុះបញ្ជី រួចមានដូចជា៖ ពូជអ៊ឹម-២៣ ហាស-០៩ អ៊ឹម-១០ និងពូជអ៊ឹម-៤ សម្រាប់ពូជម្រេច មានពូជកំចាយ និងពូជលំពុង ដែលពូជជារបស់ជាតិយើងជាដើម៕