នៅថ្ងៃទី១៦-២០ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក ធីវ វណ្ណធីរ ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរកសិកម្មខេត្តចំនួន៤ និងមន្រ្តីជំនាញ បានអញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលដំណាំស្វាយចន្ទី ទីតាំងឃ្លាំង ស្ថានភាពទីផ្សារ និងតម្លៃ នៅក្នុងខេត្តកំពង់ចាម ព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនគិរី។
ដំណើរនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យទីតាំងប្រមូលទិញគ្រាប់ស្វាយចន្ទីរបស់លោក ងួន វណ្ណៈ មានទីលានហាលប្រហែល ២០ហិកតា និងមានឃ្លាំងអាចស្តុកគ្រាប់ស្វាយចន្ទីទុកបានប្រហែល ១០ ០០០តោន នៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម។ ចំណែក សហគមន៍កសិកម្ម អូក្លែងព័រមានជ័យ មានទីតាំងនៅភូមិអូក្លែងព័រ ឃុំប៉ាល់ហាល ក្រុងព្រះវិហារ និងកន្លែងប្រមូលទិញគ្រាប់ស្វាយចន្ទី ឈ្មោះ អាន វុទ្ធី ស្ថិតនៅភូមិអូក្លែងព័រ សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ដោយឡែក សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង មានទីតាំងនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងទីតាំងប្រមូលទិញគ្រាប់ស្វាយចន្ទីរបស់លោក ហេង ពេជ្រ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានឃ្លាំងស្តុកចំនួន២ ដែលអាចស្តុកគ្រាប់បាន ១៤ ០០០តោន។ រីឯ សហគមន៍កសិកម្មអូរពងមាន់ មានទីតាំងនៅភូមិអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានផ្ទៃដីផលិតកម្មដំណាំស្វាយចន្ទីចំនួន ៣០០ហិកតា និងមានឃ្លាំងអាចស្តុកគ្រាប់ចន្ទីបានប្រហែល១ ០០០តោន និងសហគមន៍កសិកម្មរស្មីមានជ័យ មានទីតាំងនៅភូមិត្រពាំងច្រេស ឃុំត្រពាំងច្រេស ស្រុកកូនមុំ មានផ្ទៃដីផលិតកម្មដំណាំស្វាយចន្ទីចំនួន ៣៧៩ហិកតា និងសហគមន៍កសិកម្មអភិវឌ្ឍន៍លុងឃុង មានទីតាំងនៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី មានផ្ទៃដីផលិតកម្មស្វាយចន្ទីចំនួន ១៧០ហិកតា។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា តាមការវាយតម្លៃបឋម ១. ដំណាំស្វាយចន្ទី ឆ្នាំនេះការប្រមូលផលស្វាយចន្ទីនៅក្នុងអំឡុងខែកុម្ភៈនេះ មានចំនួនតិចជាងឆ្នាំកន្លងមក ដោយសារមកពីអាកាសធាតុត្រជាក់អូសបន្លាយពេលយូរ។ ២. តាមការវាយតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះមានគុណភាពល្អ គ្រាប់ធំ សាច់ណែនល្អ ទិន្នផលស្វាយចន្ទីឆ្នាំនេះអាចកើនឡើងខ្ពស់ជាងឆ្នាំ២០២៤។ ៣.មានចម្ការមួយចំនួនបានប្រើប្រាស់ថ្នាំជំរុញឱ្យឆាប់ចេញផ្កាច្រើនដងពេក ធ្វើឱ្យប៉ះពាល់ដល់ការរីកលូតលាស់របស់ផ្កា ក្រៀមជ្រុះខុសពីធម្មតា។ កក្តាទាំងនេះ បណ្តាលមកពីពួកគាត់បារម្មណ៍ខ្លាចស្វាយចន្ទី មិនចេញផ្កា ឬចេញតិចតួចពេក ប្រឈមនឹងការខាតបង់ប្រាក់ចំណេញរបស់ពួកគាត់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងទៀតថា ស្ថានភាពទីផ្សារ និងតម្លៃនៅដើមរដូវឆ្នាំនេះ គ្រាប់ស្វាយចន្ទីមានតម្លៃខ្ពស់ដូចឆ្នាំ២០២០ ដែលមានតម្លៃចន្លោះពី៦០០០ ទៅ៦៦០០រៀល ក្នុងមួយគីឡូក្រាម៕