នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងវេទិកា "ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើនភាពធន់របស់សហគមន៍នេសាទ នៅតំបន់ភាគខាងកើតបឹងទន្លេសាប" នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី អាផាតមេន រាជធានី ភ្នំពេញ។
វេទិកានេះ មានការចូលរួមពីសំណាក់លោក ហុង ចំណាន ប្រធាននាយកដ្ឋានអភិរក្សតំបន់ដីសើម នៃក្រសួងបរិស្ថាន លោកស្រី ប៊ី សុគន្ធា តំណាងសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា លោកស្រី មិត្ត សុភាព អភិបាលរង នៃគណៈអភិបាលស្រុកក្រគរ លោក ហុង រស្មី នាយកប្រចាំប្រទេស អង្គការសង្រ្គោះកុមារ លោក ខេវិន រ៉ូប៊ីន នាយកប្រចាំប្រទេស អង្គការ iDE និងកញ្ញា ទី រ៉ូហ្សាណែត តំណាងអង្គការ VSO និងមានការចូលរួម លោក លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ រដ្ឋបាលជលផល ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលារៀន កសិករ វារីវប្បករ និងសហគ្រិនខ្នាតតូច សរុប ១១៨នាក់។
ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា វេទិកានេះ រៀបចំឡើងក្នុងគោលបំណង ចែករំលែកលទ្ធផលវាយតម្លៃបញ្ចប់គម្រោងហ្រ្គីន ដែលបានអនុវត្តរយៈពេល៤ឆ្នាំកន្លងទៅ ការបង្ហាញករណីផលជះជាវិជ្ជមានដល់សមាជិកសហគមន៍ក្នុងតំបន់គោលដៅគម្រោង និងចែករំលែកការអនុវត្តន៍ល្អ មេរៀនបទពិសោធន៍ និងបញ្ហាប្រឈមរបស់សហគមន៍នេសាទនៅតំបន់បឹងទន្លេសាបភាគខាងកើត ព្រមទាំងពិភាក្សាលើការរៀបចំកម្មវិធី និងគោលនយោបាយពាក់ព័ន្ធ ក្នុងការពង្រឹងភាពធន់របស់សហគមន៍នេសាទងាយរងគ្រោះ។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានឱ្យដឹងទៀតថា ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធ បានពង្រឹង និងពួតដៃគ្នាសហការជាធ្លុងមួយ សម្រាប់ការអនុវត្តគោលនយោបាយសំដៅពង្រីកគំនិតផ្តួចផ្តើមក្នុងការអនុវត្តន៍កម្មវិធី និងការពង្រឹងភាពធន់របស់សហគមន៍នេសាទងាយរងគ្រោះ ព្រមទាំងរួមចំណែកការពារ ថែរក្សាបរិស្ថាន និងជីវចម្រុះរបស់ឋបនីយជីវមណ្ឌលបឹងទន្លេសាបឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ប្រកបដោយនិរន្តរភាព៕