នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារក្រសួង ដោយមានឯកឧត្តម សុខ វិសាល និងឯកឧត្តម ឈុន ឆុនលី អនុរដ្ឋលេខាធិការ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ព្រមទាំងមន្រ្តីជំនាញ ចុះពិនិត្យមើល ស្ថានភាពជាក់ស្ដែងទីតាំងប្រភពទឹកអាងទន្លេបាទី (ដែលហូរមកពីរលាំងជ្រៃ តាមស្ទឹងព្រែកត្នោត) តាមប្រឡាយហនុមាន ឆ្លងកាត់ ៤ឃុំ គឺឃុំក្រាំងធ្នង់ ឃុំកណ្ដឹង ឃុំចំបក់ និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។
ដំណើរចុះពិនិត្យនេះ ក៏មានការចូលរួមពីសំណាក់លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និង បរិស្ថានស្រុក ដោយមានប្រជាពលរដ្ឋចូលរួម៣១៦នាក់ នៅទីតាំងចំនួន៤ តាមបណ្ដោយប្រឡាយហនុមាន តាមទំនប់ទ្វារទឹកនីមួយៗ។
នាឱកាសនោះឯកឧត្តម ក៏បានបញ្ជាក់អំពីចលនាស្រូវអង្ករនៅលើពិភពលោក ដែលឆ្នាំ២០២៣ ឥណ្ឌាជាប្រទេសនាំចេញស្រូវអង្ករលេខ១ នៅលើពិភពលោក បានផ្អាកនាំចេញ ធ្វើឱ្យតម្លៃស្រូវមានការកើនឡើង ហើយនៅឆ្នាំ២០២៤ នេះចាប់ផ្ដើមនាំចេញស្រូវអង្ករឡើងវិញ ម៉្យាងវិញទៀតប្រទេសឥណ្ឌូនេស៊ី ក៏បានផ្អាកការនាំចូលអង្ករផងដែរ ហើយការផលិតស្រូវក្នុងស្រុកកើនបរិមាណផលជាង១លានតោន ជាហេតុធ្វើឱ្យតម្លៃស្រូវមានការធ្លាក់តម្លៃគួរកត់សំគាល់។ ជាក់ស្ដែងផែនការដាំដុះស្រូវប្រាំងនៅស្រុកបាទីគ្រោង ២០០០ហិកតា លុះការដាំដុះមកដល់ពេលនេះ ៤០០០ហិកតា គឺកើនឡើងលើសពីរដងនៃផែនការដែលធ្វើឱ្យបរិមាណទឹកដែលត្រូវស្រោចស្រពប្រឈមនឹងការខ្វះខាតទឹក ដែលស្រូវភាគច្រើនមានអាយុប្រមាណ៤៥ថ្ងៃ។
ជាទីបញ្ចប់ ឯកឧត្តមបានសំណូមពរដល់ប្រជាពលរដ្ឋ កុំពង្រីកការដាំដុះបន្ថែមទៀត ដែលនឹងធ្វើឱ្យកាន់តែប្រឈមនឹងការខ្វះខាតទឹកកាន់តែខ្លាំង ហើយក៏បានបញ្ជាក់បន្ថែមអំពីការសម្របសម្រួលក្នុងការបើកទ្វារទឹក សម្រាប់ស្រោចស្រពនិងមានការប្រជុំគណៈកម្មការប្រើប្រាស់ទឹក នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ និងចែកវេនក្នុងការបូមទឹកតាមតំបន់ខាងលើ និងតំបន់ខាងក្រោម។ ប្រជាពលរដ្ឋក៏មានការសាទរ ដែលថ្នាក់ដឹកនាំជួយសម្របសម្រួលការបើកទ្វារទឹកតាមដំណាក់កាលនេះ និងសន្យាមិនពង្រីកផ្ទៃដីនៃការដាំដុះទៀតទេ៕