នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចតាមដងទន្លេសាប ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងដំណើរចុះប្រតិបត្តិការបង្ក្រាបនោះ ក៏មានការចូលរួមពីសំណាក់ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរស្រុកបាធាយ កម្លាំងកងរាជអាវុធហត្ថស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាធាយ ដោយរឹបអូសវត្ថុតាងមួយចំនួនរួមមាន ឧករណ៍លបប្រឹស១០០ ចំនួន៨០គ្រឿង កានចំនួន១២៥កាន។
ខណ្ឌរដ្ឋបាលជលផលកំពង់សៀម ក៏បានចុះត្រួតពិនិត្យ ល្បាតក្នុងភូមិសាស្ត្រព្រែកកៀនជ្រៃ ដោយប្រើប្រាស់ម៉ូតូចំនួន៣គ្រឿង និងមន្ត្រីចំនួន៤នាក់ ពុំបានជួបបទល្មើសនេសាទនោះទេ។
ឯកឧត្តមគូសបញ្ជាក់ថា ក្រុមការងារនឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទ ឱ្យឈប់នេសាទ ដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕