ឯកឧត្តមរដ្ឋមន្ដ្រី ក្រសួងកសិកម្មកម្ពុជា បានស្នើចំពោះសហភាពអឺរ៉ុប ឱ្យជួយធ្វើការអភិវឌ្ឍន៏ វិស័យកសិកម្ម នៅកម្ពុជា ខណៈពេល ដែលសហភាពអឺរ៉ុប កំពុងតែរៀបចំកម្មវិធីថ្មីមួយ ដែលមានទឹកប្រាក់ប្រមាណ១៨លានអឺរ៉ូ សម្រាប់ជួយដល់អភិវឌ្ឍន៏វិស័យកសិកម្ម នៅកម្ពុជាសម្រាប់ឆ្នាំ២០១១-២០១៣ ។
ឯកឧត្តមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង នូវសំណើមួយចំនួន ចំពោះសហភាពអឺរ៉ុប នៅក្នុងជំនួបគ្នាមួយ ជាមួយលោកស្រី មីសែល ឡាប៊ែរ (Michelle Labeeu) ភារធារីស្ដីទី នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ នៅទីស្ដីការក្រសួងកសិកម្ម។
ឯកឧត្ដម បានស្នើសហភាពអឺរ៉ុប ជួយគាំទ្រគម្រោង Cambodia National Census of Agriculture ដែលពុំទាន់មានការឆ្លើយតប ពីសហភាពអឺរ៉ុបពីមុនមកនេះ ។
ផ្អែកលើផែនការ សកម្មភាពរបស់ក្រសួងកសិកម្ម គួរសហភាពអឺរ៉ុប ជួយគាំទ្រដល់ពង្រឹងសមត្ថភាពវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៏កសិកម្មកម្ពុជា ពង្រឹងសហគមន៏កសិកម្ម និងផ្ដល់សេវាផ្សព្វផ្សាយកសិកម្មធាតុចូលកសិកម្ម ឥណទានដល់សហគមន៏ទាំងនោះ ដើម្បីប្រតិបត្ដិតាមគោលទស្សនៈទីផ្សារស្រូវបើកចំហ ហើយសហភាពអឺរ៉ុប អាចផ្ដោតលើការជួយសកម្មភាពនានា របស់អគ្គនាយកដ្ឋានកសិកម្ម លើផ្នែក SPS ក៏ដូចជាវិស័យសំខាន់ផ្សេងៗទៀតផងដែរ ជាអាទិ៏វិស័យព្រៃឈើ ជលផល និងផលិតកម្ម និងបសុព្យាបាល ព្រមទាំងជួយទ្រទ្រង់ដល់ Multilateral Trade Assistance Project តាមបណ្ដាលអនុវិស័យសំខាន់។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ដ្រីកសិកម្មកម្ពុជា ក៏បានលើកឡើង អំពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសកាលពីខែសីហា ឆ្នាំ២០១០ ស្ដីពីការប្រជុំផលិតកម្មស្រូវ និងការនាំចេញអង្ករ ក្នុងគោលបំណង សំដៅជំរុញការអភិវឌ្ឍន៏វិស័យកសិកម្ម ក្នុងសន្ទុះ និងទំហំថ្មី ដើម្បីពង្រីក និងពង្រឹងមូលដ្ឋានកំណើនសេដ្ឋកិច្ចផង និងលើកតម្កើនកំរិតជីវភាពរស់នៅ របស់ប្រជាជនផង និងឈានទៅកាត់បន្ថយភាពក្រីក្រ នាពេលអនាគត។
ក្នុងបរិបទនេះ ឯកឧត្ដមបានមានប្រសាសន៏ថាៈ “ខ្ញុំសង្ឃឹមថា សហភាពអឺរ៉ុប នឹងបើកចំហទីផ្សារ របស់ខ្លួនបន្ថែមទៀត ដើម្បីទទួលទិញអង្ករ និងផលិតផលកសិកម្មដទៃទៀតពីកម្ពុជា” ។ ឯកឧត្ដមបានបញ្ជាក់ដែរថាៈ “បច្ចុប្បន្ននេះ គុណភាពស្រូវអង្ករកម្ពុជា ត្រូវបានទីផ្សារអន្ដរជាតិទទួលស្គាល់កាន់តែច្រើនឡើង” ។
លោកស្រី មីសែល ឡាប៊ែរ បានឆ្លើយតបទៅនឹងសំណើរ របស់ឯកឧត្ដមរដ្ឋមន្ដ្រីកសិកម្មថា មានសារសំខាន់ណាស់ ដូចជា ការបង្កើត និងពង្រឹងសហគមន៏កសិកម្មសកម្មភាពស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៏ជាដើម ។ លោកស្រី បានបញ្ជាក់ជូនឯកឧត្ដមរដ្ឋមន្ត្រីថា បេសកកម្មសហភាពអឺរ៉ុប នាពេលនេះ បាននិងកំពុងរៀបចំធ្វើអត្ដសញ្ញាណ និងកំណត់សកម្មភាពសំខាន់ៗ ដែលត្រូវអនុវត្ដកម្មវិធីរបស់ខ្លួន សម្រាប់ជួយដល់ការអភិវឌ្ឍន៏វិស័យកសិកម្មកម្ពុជា ក្រោមក្របខ័ណ្ឌឯកសារ យុទ្ធសាស្ដ្រសម្រាប់ជួយដល់កសិកម្មកម្ពុជាឆ្នាំ២០១១-២០១៣ ក្នុងនោះបេសកកម្មនេះ កំពុងរៀបចំកម្មវិធីគាំទ្រហិរញ្ញប្បទាន និងបច្ចេកទេសសម្រាប់ ជួយដល់ប្រជាជនក្រីក្រកម្ពុជា ក្នុងរង្វង់ទឹកប្រាក់១៨លានអឺរ៉ូ ដោយផ្ដោតលើវិស័យកសិកម្ម។
លោកស្រី បានសម្ដែងនូវក្ដីសង្ឃឹមថា គម្រោងថ្មីនេះ នឹងត្រូវបានអនុម័ត និងជួយដល់ការអភិវឌ្ឍន៏វិស័យកសិកម្មកម្ពុជា នៅដើមឆ្នាំ២០១២ ហើយនិងទទួលបានជោគជ័យ ដូចការសហការអនុវត្ដគម្រោងមុនៗ របស់សហភាពអឺរ៉ុប ដោយក្រសួងកសិកម្ម។ សហភាពអឺរ៉ុប ក៏នឹងបន្ដពង្រីកទីផ្សារកសិផលសម្រាប់កម្ពុជាផងដែរ ។
គួររំលឹកផងដែរថា នៅក្នុងវិស័យកសិកម្មកម្ពុជា សហភាពអឺរ៉ុប បានផ្ដល់ជំនួយឥតសំណង ជាច្រើនតាំងពីសម័យគម្រោង PRASACI និង PRASACII ដែលបានដំណើរការជាពីរដំណាក់កាល ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៣ លើខេត្ដគោលដៅ៦ (ស្វាយរៀង ព្រៃវែង តាកែវ កំពង់ចាម កំពត និងកំពង់ឆ្នាំ) ក្នុងចំនួនទឹកប្រាក់៤០លានអឺរ៉ូ ក្នុងមួយដំណាក់កាលៗ ដើម្បីជួយស្ដារសេដ្ឋកិច្ចជនបទឡើងវិញ និងធ្វើយ៉ាងណាឱ្យមាននិរន្ដភាព ដើម្បីជួយលើកកម្ពស់ជូវភាពប្រជាពលរដ្ឋ ។
ក្រោយកមទៀត មានគម្រោង ECOSORN និង SLPP ដែលមានទឹកប្រាក់សរុប ប្រមាណ៣០លានអឺរ៉ូ សម្រាប់រយៈពេល៥ឆ្នាំ ហើយគម្រោងទាំងពីរនេះ ទើបបានបញ្ចប់ក្នុងឆ្នាំ២០១0ថ្មីៗនេះ ហើយដំណាក់កាលចុងក្រោយនេះ គឺមានគម្រោងបង្កើនសន្ដិសុខស្បៀងអាហារ សម្រាប់គ្រួសារក្រីក្រ ដែលរងឥទ្ធិពល ដោយសារការឡើងថ្លៃស្បៀង ដែលមានទឹកប្រាក់ប្រមាណ១១លានអឺរ៉ូ ដើម្បីដោះស្រាយបញ្ហាសន្ដិសុខស្បៀងនៅកម្ពុជា តាមរយះអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ៕