កាលពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេស វៀតណាម ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីវិស័យកសិកម្មនៅប្រទេសវៀតណាម។
គណៈប្រតិភូរួមដំណើរ រួមមានមន្ត្រីបច្ចេកទេសកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអភិបាលរងខេត្តតាកែវ អភិបាលស្រុក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងមន្ត្រីបច្ចេកទេស សរុបចំនួន ១១រូប។
ដំណើរទស្សនកិច្ចទទួលបានលទ្ធផលមួយចំនួន ដូចជា៖ បានជួបថ្នាក់ដឹកនាំសហករណ៍កសិកម្ម Vong Dong តំបន់ដីសណ្តរទន្លេមេគង្គ ស្ថិតក្នុងស្រុក Thoai Son ខេត្ត An Giang , បានជួបពិភាក្សាអំពីការអភិវឌ្ឍកសិកម្មវ័យឆ្លាតជាមួយថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវតំបន់ដីសណ្ដរទន្លេ មេគង្គ នៅស្រុក Thoi Lai ខេត្ត An Giang និងបានទស្សនាទីវាលពិសោធន៍ពូជដំណាំស្រូវថ្មី ដែលធនទៅនឹងការប្រែប្រួលអាកាសធាតុ ទិន្នផលខ្ពស់។
បន្ថែមពីនេះគណៈប្រតិភូក៏បានជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាជាមួយថ្នាក់ដឹកនាំក្លឹបដំណាំស្វាយ និងបន្លែ នៅស្រុកការឡាញ់ ខេត្តដុងថាប បានទស្សនកិច្ចក្រុមហ៊ុន Binh Dien Long An និងបានពិភាក្សាអំពីការផ្លាស់ប្តូរបច្ចេកទេសការប្រើប្រាស់ជី ថ្នាំកសិកម្ម ការផ្តល់កិច្ចសហការបច្ចេកទេសគ្រប់គ្រងដីកសិកម្ម ព្រមទាំងបានទស្សនកិច្ចក្រុមហ៊ុន Kim Hong ដំឡើងនិងកែច្នៃម៉ាស៊ីនដាំស្រូវ និងដំណាំផ្សេងៗផងដែរ៕