នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រឃុំចំបក់ និងឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយបានធ្វើការរុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់។
កម្លាំងចម្រុះទាំងនោះរួមមាន អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលក្រចេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រែកប្រសព្វ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល សហគមន៍នេសាទ និងប្រជាការពារចំបក់ ប្ញស្សីកែវ បានប្រើប្រាស់ទូកចំនួន ៥គ្រឿង និងកម្លាំងសរុប ១៩នាក់។
វត្ថុតាងដែលរឹបអូសបាន រួមមាន របាំងព្រួលសាច់រ៉ាវចំនួន ១៩ខ្សែ ប្រវែង ៩៥០ម៉ែត្រ ក្រឡាទំហំ៣-៥សម លបរ៉ាវចំនួន ១៩គ្រឿង ក្រឡាទំហំ៣-សម របាំងព្រួលស្បៃមុងចំនួន ៣៦ខ្សែ ប្រវែង ១ ៦២០ម៉ែត្រ លូស្បៃមុងចំនួន ៣៦មាត់លូ និងបង្គោលចម្រឹងប្ញស្សីចំនួន ៧៨០ដើម។ វត្ថុតាងទាំងនោះ ត្រូវបានកម្លាំងចម្រុះបំផ្លាញចោល។ ចំណែក ត្រីចម្រុះទម្ងន់ប្រមាណ ១៧០គីឡូក្រាម ត្រូវបានចាក់លែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ៕