ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពការប្រមូលទិញស្រូវពីកសិករកម្ពុជាក្នុងពេលបច្ចុប្បន្ន
ចេញផ្សាយ ៣១ មករា ២០១៩
2778
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពការប្រមូលទិញស្រូវពីកសិករកម្ពុជាក្នុងពេលបច្ចុប្បន្ន។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមថ្នាក់ទឹកនាំក្រសួង លោកឧកញ៉ា លោកអគ្គនាយកធនាគារ AGRI BANK តំណាងក្រុមហ៊ុនដែលធ្វើអាជីវកម្មស្រូវ-អង្ករវៀតណាម មន្ត្រីស្ថានទូត និងមន្រ្តីជំនាញក្រោមឳវាទមួយចំនួនទៀត។ គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះគឺទី១-ធ្វើការពិនិត្យ និងវាយតម្លៃជារួមលើស្ថានភាពតម្លៃស្រូវក្នុងពេលបច្ចុប្បន្ន និងទី២-រួមគ្នាដោះស្រាយ និងដាក់ចេញនូវយន្តការនៃការប្រមូលទិញស្រូវ-អង្ករពីកម្ពុជាឱ្យបានសមស្របទៅនឹងតម្លៃលើទីផ្សារនៅប្រទេសវៀតណាម។
បន្ទាប់ពីភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក កិច្ចប្រជុំបានដាក់ចេញនូវយន្តការដោះស្រាយនូវបញ្ហាតម្លៃស្រូវ ក្នុងេយៈពេលខ្លី មធ្យម និងវែងដូចខាងក្រោម៖
១- ភាគីវៀតណាមនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយពាណិជ្ជករវៀតណាម បន្ទាប់មកនឹងធ្វើរបាយការណ៍លម្អិតជូននាយករដ្ឋមន្រ្តីវៀតណាមដើម្បីជំរុញឱ្យពាណិជ្ជករវៀត ណាមជួយប្រមូលទិញស្រូវពីកម្ពុជាក្នុងតម្លៃសមរម្យ។
២- ធនាគារ AGRI BANK នឹងពិនិត្យលទ្ធភាពនិងធ្វើការសម្រួលបែបបទផ្សេងៗដើម្បីផ្តល់កម្ចីឥណទានដល់ពាណិជ្ជករវៀតណាមសម្រាប់ជាទុនប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលនេះ ព្រមទាំងគាំទ្រដល់ការផ្តល់ឥណទានដល់ពាណិជ្ជករ កម្ពុជាដែលខ្វះទុនក្នុងការប្រមូលទិញកសិផល។
៣- ភាគីទាំងពីរនឹងបន្តពង្រឹង និងពង្រីកការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាពដើម្បីរក្សានិរន្តរភាពនៃភាពជាដៃគូរវាងអ្នកផលិត និងអ្នកទិញ។
៤- ភាគីទាំងពីរបានឯកភាពគ្នាថានឹងសហការគ្នាដោះ ស្រាយ បញ្ហាប្រឈមដែលមានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។
៥-ទូរទស្សន៍វៀតណាមនឹងចុះទៅកន្លែងប្រមូលផលធ្វើការផ្សព្វផ្សាយពីវិធានការ នៃប្រជុំនេះជូនដល់ពាណិជ្ជករវៀតណាមឱ្យជួយទិញស្រូវក្នុងតម្លៃ សមរម្យ។
៦- ភាគីវៀតណាមបានបញ្ជាក់ជូនថានឹងជំរុញឱ្យមានការចុះអនុស្សរណនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសលើផលិតផលថ្នាំជក់ និងស្រូវ-អង្ករដោយអត្រាពន្ធសូន្យ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។