ឯកឧត្ដមបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសំណូមពរ ឱ្យប្រជាពលរដ្ឋប្រើប្រាស់ឧបករណ៏នេសាទ ដោយច្បាប់អនុញ្ញាត ដើម្បីរក្សាបាននូវនិរន្ដរភាពត្រី នៅក្នុងមូលដ្ឋាន ដើម្បីធានាបាននូវការហូបចុកគ្រប់គ្រាន់។
កាលពីពេលថ្មីៗ ឯកឧត្ដមរដ្ឋមន្ដ្រី បានអញ្ជើញលែងមេត្រីពូជអណ្ដែង ផ្ទក់កាហែចំនួន៤០គីឡូក្រាម និងកូនត្រីឆ្ពិនចំនួន១០.០០០ក្បាល នៅអាងអូរតូច ស្ថិតនៅភូមិត្រពាំងភ្លូ ឃុំអូសារ៉ាយ ស្រុកត្រាំកក់ ខេត្ដតាកែវ ។
នៅទីនោះឯកឧត្ដមបណ្ឌិតច័ន្ទ សារុន បានជំរុញឱ្យប្រជាពលរដ្ឋ ពង្រីកការចិញ្ចឹមត្រីតាមគ្រួសារនៅស្រុកស្រែ ដើម្បីផ្គត់ផ្គង់ការហូបចុងប្រចាំថ្ងៃ ឱ្យបានគ្រប់គ្រាន់ កាត់បន្ថយការចំណាយ ជាមួយគ្នានោះ ត្រូវបង្កើនត្រីធម្មជាតិធ្វើឱ្យសុខភាពល្អ ។
ឯកឧត្ដមរដ្ឋមន្ដ្រី បានមានប្រសាសន៏លើកឡើងថា តំបន់ដែលមានសក្កានុពលធម្មជាតិនោះ គឺយើងជំរុញឱ្យមានការបង្កើតសហគមន៏ចិញ្ចឹមត្រី ដើម្បីបង្កើនបរិមាណត្រី។ ឯកឧត្ដមរដ្ឋមន្ដ្រី បានមានប្រសាសន៏ថា ប្រជាពលរដ្ឋយើងហូបត្រី៥២៤គីឡូក្រាមក្នុង១ឆ្នាំ ហើយប្រជាពលរដ្ឋកើនឡើងរាល់ឆ្នាំ ដូច្នេះការបរិភោគត្រីកើនឡើងដែរ ។
ឯកឧត្ដមក៏បានប្រាប់ដល់មន្ដ្រីមូលដ្ឋាន ត្រូវធ្វើអំពើល្អ យកចិត្ដទុកដាក់ដល់គ្រួសារប្រជាពលរដ្ឋ ដែលជួបការខ្វះខាត និងពិការដោយត្រូវចេះធ្វើសម្បទានជួយគ្នាទៅវិញទៅមក មិនត្រូវមើលនឹងភ្នែកនោះទេ។ ជាមួយគ្នានោះដែរពេទ្យសត្វ កសិករបង្គោលត្រូវធ្វើសកម្មភាព និងពិនិត្យជាប្រចាំជូនដល់ប្រជាកសិករតាមភូមិ-ឃុំ ក្នុងការផ្ដល់ព័ត៌មានទាក់ទងនឹងការចិញ្ចឹមសត្វក៏ដូចជាវិធីដាំដុះផ្សេងៗ ដើម្បីធ្វើឱ្យជីវភាពរបស់ពួកគាត់ធូរធារ៕