នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាសហគមន៍ចំនួន៣ នៅក្នុងខេត្តព្រៃវែង ផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាព ស្តីពី «សហគមន៍កសិកម្មទំនើប» ដើម្បីឱ្យកសិករចំណេញផ្នែកសេដ្ឋកិច្ច។
ក្នុងដំណើរជួបសំណេះសំណាលនោះ ក៏មានការចូលរួម អមដំណើរដោយឯកឧត្តម ឃឹម ហ្វីណង់ និងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងប្រធានមន្ទីរកសិកម្ម និងអភិបាលរងខេត្ត អភិបាលស្រុក និងក្រុមប្រឹក្សាស្រុក។
ឯកឧត្តម ហាស់ សារ៉េត មានប្រសាសន៍ថា ឯកឧត្តមចង់ឱ្យខេត្តព្រៃវែងមាន «សហគមន៍កសិកម្មទំនើប» ដែលជាសហគមន៍ផ្តល់ការគាំទ្រដោយក្រសួងកសិកម្ម។ ឯកឧត្តម ក៏បានណែនាំទៅប្រជាសហគមន៍ដែលធ្វើកសិកម្មបែបប្រព្រៃណី ឬសហគមន៍ចំនួន៣ ដែលមានស្រាប់នៅស្រុកកញ្ជៀច ស្រុកស្វាយអន្ទរ និងស្រុកបាភ្នំ ខេត្តព្រៃវែង អាចបំប្លែងខ្លួនទៅជា «សហគមន៍កសិកម្មទំនើប» ដើម្បីឱ្យប្រជាកសិករចំណេញផ្នែកសេដ្ឋកិច្ច និងមាននិរន្តរភាពបរិស្ថាន។
នៅក្នុងអង្គពិធី សហគមន៍កសិកម្មទាំង៣ បានសម្តែងការចាប់អារម្មណ៍និងសាកសួរចង់ដឹងលំអិតបន្ថែមទៅឯកឧត្តម ឃឹម ហ្វីណង់ លើការចូលរួមជាមួយសហគមន៍កសិកម្មទំនើបផងដែរ។
ក្នុងពិធីនោះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានធ្វើបទបង្ហាញដល់សមាជិកសហគមន៍អំពីទស្សនទាននៃសហគមន៍កសិកម្មទំនើប ឬសហគមន៍ដែលមានស្រាប់ អាចបំលែងទៅជា «សហគមន៍កសិកម្មទំនើប»។
បន្ថែមពីនេះ ឯកឧត្តម ហាស់ សារ៉េត ចង់ឱ្យប្រជាសហគមន៍ទាំងនោះត្រូវត្រៀមខ្លួនជួបជាមួយឯកឧត្តម ឃឹម ហ្វីណង់ ជាលើកទី២នាពេលឆាប់ៗខាងមុខ ដើម្បីសិក្សាអំពីទស្សនទាននៃ «សហគមន៍កសិកម្មទំនើប» ឱ្យបានកាន់តែច្បាស់ផងដែរ៕