នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសវនាការជាមួយលោកស្រី Nina Brandstrup តំណាងអង្គការ FAO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំនៅកម្ពុជា ពិសេសការគាំទ្រយ៉ាងពេញទំហឹងរបស់អង្គការ FAO ក្នុងកាលៈទេសៈដែលកម្ពុជាជួបប្រទះនូវគ្រោះមហន្តរាយធម្មជាតិកន្លងមក ជាអាទិ៍ ក្នុងឆ្នាំនេះអង្គការ FAO បានផ្តល់នូវហិរញ្ញប្បទានចំនួន 500.000 ដុល្លារអាមេរិក សម្រាប់គម្រោងរយៈពេល១ឆ្នាំ ដើម្បីជួយដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ ចំនួន៧០០០គ្រួសារ។
ក្រៅពីនេះ ក៏មានគម្រោងជាច្រើនដែលបានបញ្ចប់និងគម្រោងមួយចំនួនទៀតកំពុងដំណើរការ។ ជារួម សកម្មភាពរបស់អង្គការ FAOពិតជារួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ពិសេសការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ការលើកកម្ពស់ការចិញ្ចឹមសត្វនិងវារីវប្បកម្ម។ ការជួយទ្រទ្រង់របស់អង្គការ FAO នៅក្នុងវិស័យកសិកម្មមិនត្រឹមតែជួយធានាដល់សន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែថែមទាំងបានជួយដល់ការបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការគាំទ្រដល់ដំណើរការរៀបចំច្បាប់ ការជំរុញគោលនយោបាយស្តីពីការបង្កើនផលិតកម្មដំណាំស្រូវនិងការនាំចេញអង្ករឲ្យបានយ៉ាងតិច១លានតោននៅឆ្នាំ២០១។
លោកស្រី Nina Brandstrup ក៏បានលើកឡើងអំពីតួនាទីនិងភារកិច្ចរបស់ FAO នៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងមានចំណាប់អារម្មណ៍អំពីការគិតគូរទៅលើការព្យាបាលជំងឺសត្វ ការបង្កើនផលិតភាពសត្វ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងជួយឲ្យកម្ពុជាបានឈានចូលទៅដល់ការលក់កាបូនក្រេឌីត រួមទាំងការគិតគូរអំពីការអភិវឌ្ឍន៍ធនធានមនុស្ស ការគាំទ្រទៅលើបញ្ហាសន្តិសុខស្បៀងនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លោកស្រីមានចំណាប់អារម្មណ៍ដោយរំពឹងថា នៅពេលខាងមុខគុណភាពអង្ករកម្ពុជានឹងសម្រេចបានទៅតាមស្តង់ដារអន្តរជាតិ តែករណីនេះមិនស្ថិតនៅក្រោមការទទួលខុសត្រូវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែម្នាក់ឯងនោះទេ គឺទាក់ទងទៅនឹងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតដែរ។
លោកស្រីក៏បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីអំពីការរៀបចំសមាសភាពសហប្រធានក្រុមការងារកសិកម្មនិងទឹកឡើងវិញ និងបានជូនព័ត៌មានផងដែរ អំពីគម្រោងរៀបចំកិច្ចប្រជុំថ្នាក់តំបន់ (regional meeting of ASEAN) នៅខេត្តសៀមរាប នាពាក់កណ្តាលខែមីនា ឆ្នាំ២០១៤ មុននឹងការរៀបចំធ្វើសន្និសីទនៅទីក្រុង Rome នាពេលខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថានឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និទ្ធថែមទៀតជាមួយអង្គការ FAO ក៏ដូចជា ក្រសួងពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងថ្លែងអំណរគុណជាពន្លឹកចំពោះការខិតខំប្រឹងប្រែងរបស់អង្គការ FAO ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដែលជាវិស័យអាទិភាពមួយដ៏មានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។