នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមរបស់លោក Jost Kadel តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្រុមការងាររបស់ GIZ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងការវិនិយោគក្នុងវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងពីកសិផលរបស់កម្ពុជាជាច្រើន ដែលមានគុណភាពល្អ និងអាចវិនិយោគសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច ពោលគឺ «មានហូប មានប្រើ មានបាន និងមានរហូត»។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា កម្ពុជាត្រូវការដៃគូអភិវឌ្ឍធ្វើយ៉ាងណាឱ្យប្រជាកសិករទទួលបានតម្លៃបន្ថែមខ្ពស់ កាត់បន្ថយថ្លៃដើមផលិត តាមរយៈការជំរុញការចងក្រងសហគមន៍កសិកម្មទំនើប។
សហគមន៍កសិកម្មទំនើប គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយ ដែលដាក់ចេញក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមនានារបស់កសិករ ដូចជា ដើមទុន បច្ចេកទេស ទីផ្សារជាដើម ជាពិសេសការទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យវិស័យឯកជនអាល្លឺម៉ង់ គិតគូរពិនិត្យលទ្ធភាពក្នុងការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ដើម្បីបម្រើដល់ការនាំចេញទៅក្រៅប្រទេស ដែលអាចទទួលបានតម្លៃបន្ថែមខ្ពស់ផងដែរ៕