មន្ត្រីសម្របសម្រួល នៃមជ្ឈមណ្ឌលស្រាវជ្រាវ ដំណាំមួយ នៃប្រទេសជប៉ុន បានបង្ហាញ ពីបំណងចង់ឱ្យមាន កិច្ចសហប្រតិបត្តិការជាមួយ ក្រសួងកសិកម្ម ហើយសាកល្បងពូជស្រូវរបស់ជប៉ុនអនុវត្តនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់ ក្រសួងកសិកម្មបានទទួលយកគំនិតនេះមកធ្វើការពិចារណា។
លោក តូស៊ីយូគី ម៉ាអេហារ៉ា ប្រធានក្រុមហ៊ុន SOEI CORPERATION. Ltd និងជាអ្នកនាំពាក្យនៃមជ្ឈមណ្ឌល PLANT GENOME នៃប្រទេសជប៉ុនបានជម្រាបលោក ចន្ទ័ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីព្រឹកថ្ងៃទី ១៦ ខែមីនា ថាក្នុងនាមលោកជាអ្នកសម្របសម្រួលឱ្យមជ្ឈមណ្ឌល PLANT GENOME ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវរបស់ប្រទេសជប៉ុននោះ លោកមានបំណងចង់ធ្វើសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាក្នុងការសាកល្បងពូជស្រូវរបស់ប្រទេសជប៉ុន ដើម្បីរួមចំណែកជំរុញ និងលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា ជាពិសេសដំណាំស្រូវ។
លោកបានមបន្ថែមទៀតថា ក្រុមហ៊ុនរបស់លោក សហការគ្នាជាមួយមជ្ឈមណ្ឌលស្រាវជ្រាវពួជស្រូវរបស់ជប៉ុនអនុវត្តការងារស្រាវជ្រាវ និងពិសោធន៍ពូជស្រូវជប៉ុននៅកម្ពុជាតាមរយៈ ការប្រើប្រាស់កញ្ចប់ថវិការបស់ប្រទេសជប៉ុនក្រោមក្របខណ្ឌ័ DOA មេគង្គ-ជប៉ុននាពេលខាងមុខ។
មន្ត្រីក្រសួងកសិកម្មបានប្រាប់រស្មីកម្ពុជាថា ជំនួបគ្នានៅទីស្ដីការក្រសួងកសិកម្មស្វាគមន៍យ៉ាងកក់ក្ដៅពិសេសចំពោះការយកចិត្តទុកដាក់របស់ប្រទេសជប៉ុនលើវិស័យកសិកម្មនៅកម្ពុជា។ លោករដ្ឋមន្ត្រីបានទទួលយកនូវអ្វីដែលមន្ត្រីជប៉ុនបានស្នើឡើងនោះមកធ្វើការ ពិចារណាពិនិត្យលទ្ធភាពជាក់ស្ដែងសម្រាប់ការរួមសហការជាមួយផ្នែកជំនាញរបស់កម្ពុជា។
លោក រដ្ឋមន្ត្រីក៏បានជម្រាបជូនភ្ញៀវផងដែរពីពេលកន្លងទៅធ្លាប់មានការសាកល្បងពូជស្រូវជប៉ុនលើទឹកដីកម្ពុជាដោយក្រុមហ៊ុនវៀតណាមក្នុងខេត្ត អាង យ៉ាង ដែលលទ្ធផលរបស់វាខ្ពស់និងត្រូវបានក្រុមហ៊ុនប្រមូលទិញទាំងអស់។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរកម្ពុជា មានវិទ្យាស្ថានស្រាវជ្រាវពូជស្រូវដែលធានាបានពីបច្ចេកទេសពិសោធន៍ពូជមានមជ្ឍមណ្ឌលពិសោធន៍ពូជ នៅតាមខេត្តមានសហគមន៍អភិវឌ្ឍន៍កសិកម្មនៅមូលដ្ឋានដើម្បីចូលរួមអនុវត្តការងារ។
មន្ត្រីជប៉ុនបានសម្ដែងនូវការត្រេកអរចំពោះការឆ្លើយរបស់លោករដ្ឋមន្ត្រី និងពេញចិត្តចំពោះការអញ្ជើញរបស់លោករដ្ឋមន្ត្រី ដែលសុំឱ្យលោកទៅទស្សនកិច្ចពិនិត្យមើលនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា៕